ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន តាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន ព្រមទាំងពុទ្ធបរិស័ទ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានរួមគ្នាប្រារព្ធបទនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម្មទេសនា ពាក់ព័ន្ធនឹងអត្ថន័យ និងប្រពៃណីនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ពុទ្ធសាសនិកខ្មែរ និងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិតាមប្រពៃណីតាំងពីបុរាណកាលមក ដោយផ្សារភ្ជាប់ជាមួយជំនឿលើកម្មផល តាមទស្សនៈ «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ ក្នុងឱកាសបុណ្យនេះ ពុទ្ធបរិស័ទតែងតែធ្វើបុណ្យធ្វើទាន ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខ។
សម្រាប់ពិធីកាន់បិណ្ឌវេនទី១ របស់ក្រសួងព័ត៌មាន នៅព្រឹកបន្ទាប់ ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន នឹងបន្តធ្វើពិធីប្រគេនយាគូ រាប់បាត វេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃសូត្រធម៌ បង្សុកូល និងបង្សុកូលពហូឆ្លង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន និងញាតិការទាំង ៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យបានសោយសុខក្នុងសុគតិភពជារៀងរហូត៕



