កម្ពុជា-ចិន សហការរៀបចំកម្មវិធីរាត្រីសមោរស និងអបអរសាទរពិធីបុណ្យសែនព្រះខែ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពពកពណ៌ដេញតាមព្រះច័ន្ទ និងចំណងមិត្តភាពអ្នកជិតខាងដ៏ជ្រាលជ្រៅ»

កម្មវិធីរាត្រីសមោរស ដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែ ឆ្នាំ២០២៦ ប្រពៃណីចិនក្រោមប្រធានបទ «ពពកពណ៌ដេញតាមព្រះច័ន្ទ និងចំណងមិត្តភាពអ្នកជិតខាងដ៏ជ្រាល ជ្រៅ» ត្រូវបានរៀបចំដោយក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សប្រជាជនចិនខេត្តយូនណាន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងព័ត៌មានកម្ពុជា ព្រមទាំងវិស័យពាក់ព័ន្ទ វិនិយោគិន សិល្បករ សិល្បការិនី ភ្ញៀវជាតិនិងអន្តរជាតិ មកជួបជុំគ្នា ដើម្បីបង្ហាញពីសក្ខីភាព នៃចំណងមិត្តភាពជាប្រពៃណីបន្តពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក ពិន ប៊ិន (Peng Bin) អនុប្រធាននាយកដ្ឋានឃោសនាការ នៃគណៈកម្មាធិការបក្សខេត្ដយូណាន និងជាប្រធានការិយាល័យអរិយធម៌ខេត្ដយូណាន ប្រទេសចិន មានប្រសាសន៏ថា ពិធីបុណ្យសែនព្រះខែ គឺថាពិធីបុណ្យប្រពៃណីរបស់ប្រជាជាតិចិនឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ស្រស់បំព្រងរបស់ប្រជាជនក្នុងការជួបជុំគ្រួសារ និងការស្វែងរកភាពពេញលេញបរិបូរណ៍នៃជីវិត។ ក្នុងឱកាសពិធីបុណ្យសែនព្រះខែប្រពៃណីចិន ប្រជាជនចិនតែងគយគន់សម្រស់ដួងខែ ទទួលទាននំព្រះខែ ដែលបង្ហាញពីក្តីសង្ឃឹមនៃការជួបជុំគ្រួសារ។ ចំណែកឯប្រជាជនកម្ពុជា វិញក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏មានការសំពះព្រះខែ និងអកអំបុក ដែរ ដើម្បីបួងសួងសុំសេចក្តីសុខនិងសិរីសួស្តី។ 

លោក ពិន ប៊ិន (Peng Bin) បានឱ្យដឹងដែរថា ទំនៀមទម្លាប់ វប្បធម៌ស្រដៀងគ្នានេះ បានធ្វើឱ្យមានភាពស្និទ្ធស្នាលតាំងពីដើមមករវាងប្រជាជនប្រទេសទាំងពីរ ក៏ជានិមិត្ដរូបមនោសញ្ចេតនាដ៏ពិតប្រាកដ នៃសេចក្ដីប្រាថ្នារួមគ្នា និងការជួយគ្នាទៅវិញទៅមក របស់ប្រជាជនទាំងពីរប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់កម្រិតថ្មីមួយទៀត ហើយកិច្ចសហប្រតិបត្តិការចំណងមិត្តភាពក៏ទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗជាបន្តបន្ទាប់។

ពាក់ព័ន្ទនិងវិស័យវប្បធម័ ឯកឧត្ដម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា វប្បធម៌មានភាពចម្រុះពណ៌ ដោយសារការផ្ទាស់ប្តូរគ្នាទៅវិញទៅមក ហើយអរិយធម៌មានភាពសម្បូបែបដោយសារការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរចិន និងកម្ពុជា។ ព្រឹត្តិការណ៍នេះជាចំណុចចាប់ផ្តើមថ្មីមួយ ដើម្បីបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន ការរផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាក្នុងវិស័យវប្បធម៌ និងទេសចរណ៍ រួមទាំងទំនាក់ទំនងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ»។

ឯកឧត្ដម បញ្ជាក់ដែរថា តាមរយះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាង កម្ពុជា-ចិន ជាពិសេស ជាមួយ ខេត្តយូណាន លើវិស័យសារព័ត៌មាន និងសោតទស្សន៍ ដូចជាការ ផលិតភាពយន្តឯកសារ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន បានសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ផលិតភាពយន្តឯកសារកម្រិត 4K ចំណងជើងថា “អ្នកជិតខាងល្អ កម្ពុជា”។ ជាពិសេស ការពង្រីកបណ្តាញ ដោយបានបង្កើតសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (មានជាង១០០ស្ថាប័ន) និងការរៀបចំ «សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គ» (ចំនួន៧លើក) ដើម្បីផ្សព្វផ្សាយសំឡេងមិត្តភាពឱ្យកាន់តែទូលំទូលាយ។ រួមទាំង កិច្ចព្រមព្រៀងផ្លូវការ ដោយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងឃោសនាការនៃខេត្តយូណាន។ ចំពោះ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ លើគម្រោងរួមគ្នា ដូចជា ការជំរុញយ៉ាងសកម្មនូវគម្រោង “សម្រាប់ទេសចរណ៍បេតិកភណ្ឌពិភពលោក ទេសចរណ៍យូណាន ទស្សនាអង្គរ”។ រួមទាំង ការបើកដំណើរការឡើងវិញ នូវមជ្ឈមណ្ឌលវប្បធម៌នៅរាជធានីភ្នំពេញ (កសាងដោយខេត្តយូណាន និងក្រសួងវប្បធម៌-ទេសចរណ៍ចិន)។

ក្នុងវិស័យទេសចរណ៍វិញ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ទំនាក់ទំនងប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការ កម្ពុជានិងចិន គឺជា«មិត្តដែកថែប» ដែលមានទំនាក់ទំនងជិតស្និទ្ធជាង ១.០០០ឆ្នាំ តាមរយះកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្តូរទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន គឺជាស្ពានយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ នារាត្រីសមោរស ក្រោមប្រធានបទ «ពពកកំដរដួងព្រះច័ន្ទ មិត្តភាពស៊ីជម្រៅ រវាងអ្នកជិតខាងល្អជ្រាលជ្រៅ» គឺជាជំហានថ្មីមួយ ក្នុងការជំរុញយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ។