Zillion

សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ បង្កើតមជ្ឈមណ្ឌលសិក្សានៅប្រទេសចិន ដើម្បីស្វែងរកអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា

សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ បង្កើតមជ្ឈមណ្ឌលសិក្សានៅប្រទេសចិន ដើម្បីស្វែងរកអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា

សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ ទើបនឹងបង្កើតមជ្ឈមណ្ឌលសិក្សានៅប្រទេសចិន ដើម្បីស្វែងរកកិច្ចទំនាកទំនងជាមួយដៃគូនៅប្រទេសចិន ស្នើសុំអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា និងសម្របសម្រួលឱ្យពួកគេបានទៅសិក្សានៅប្រទេសចិន ខណៈបច្ចុប្បន្នមានដៃគូសហការជាង១០០សាលាហើយ និងមានអាហារូបករណ៍២០០កន្លែងក្នុងដៃរួចស្រេច។

ក្នុងពេលបើកដំណើរការមជ្ឈមណ្ឌលសិក្សានៅប្រទេសចិនជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោក សរ រិទ្ធី អគ្គលេខាធិការសមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលសិក្សានៅប្រទេសចិននេះ គឺដើម្បីស្វែងរកកិច្ចទំនាកទំនងជាមួយដៃគូ/សាកលវិទ្យាល័យនៅប្រទេសចិន ស្នើសុំអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា និងសម្របសម្រួលឱ្យពួកគេបានទៅសិក្សានៅប្រទេសចិន សំដៅធ្វើយ៉ាងណាផ្លាស់ប្ដូរការសិក្សាអប់រំរបស់សិស្សនិស្សិតទាំងនៅកម្ពុជា និងនៅប្រទេសចិន ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាអាទិភាពក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា។

លោកអគ្គលេខាធិការបានបន្តថា បច្ចុប្បន្នសមាគមកំពុងស្វែងរកដៃគូផ្ដល់អាហារូបករណ៍នៅប្រទេសចិន ដែលមកដល់ពេលនេះមានដៃគូជាង១,០០០សាលាហើយដែលបានទំនាក់ទំនង ក្នុងនោះមានជាង១០០សាលាគឺបានបញ្ជាក់ពីការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា។ នៅពេលទទួលបានអាហារូបករណ៍ពីដៃគូនៅប្រទេសចិនហើយ មជ្ឈមណ្ឌលសិក្សនៅប្រទេសចិននឹងផ្ដល់ជូនទៅរាជរដ្ឋាភិបាលកម្ពុជា សមាគមអាហារូបករណ៍សម្ដេចតេជោ អ.ម.ត ដើម្បីបែងចែកផ្ដល់ជូនសិស្សនិស្សិតក្រីក្រដែលមានបំណងចង់ទៅសិក្សានៅប្រទេសចិន។

បើតាមលោក សរ រិទ្ធី សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំក៏មានកម្មវិធីបំពាក់បំប៉នភាសាចិនជូនសិស្សនិស្សិតកម្ពុជា មុននឹងបញ្ជូនពួកគេទៅសិក្សានៅប្រទេសចិននោះដែរ។ នេះជាឱកាសរបស់សិស្សនិស្សិតកម្ពុជាក្នុងការទទួលបានឱកាសទៅសិក្សានៅប្រទេសចិន ការទទួលបានព័ត៌មាន ការត្រៀមខ្លួន ព្រមទាំងចំណេះដឹងបន្ថែមភាសាចិន។ មធ្យោបាយក្នុងការជ្រើសរើសសិស្សនិស្សិតកម្ពុជារបស់សមាគម គឺធ្វើឡើងតាមរយៈការផ្ដល់ទៅឱ្យសមាគមអប់រំ សាលាឯកជន សាលារដ្ឋ បណ្ដាញសង្គម ឬតាមរយៈសិស្សនិស្សិតផ្ទាល់ដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅប្រទេសចិន ជាក់ស្ដែងសមាគមកំពុងសហការជាមួយសមាគមអាហារូបករណ៍សម្ដេចតេជោ អ.ម.ត ដើម្បីបែងចែកបន្តដល់សិស្សនិស្សិតកម្ពុជា។ ក្នុងជំហានដំបូងនេះ សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំមានអាហារករណ៍សរុប២០០កន្លែង ហើយប្រសិនបើការងារនេះជោគជ័យ សមាគមនឹងបន្តស្នើសុំបន្ថែមលើសពីជំហានដំបូងនេះសម្រាប់ផែនការបន្តបន្ទាប់ទៅមុខទៀត។ ចំណេះជំនាញដែលផ្ដល់ការអប់រំនោះ គឺមានច្រើនវិស័យ ដូចជាទេសចរណ៍ រដ្ឋបាលសាធារណៈ កសិកម្ម បច្ចេកវិទ្យា ធុរកិច្ច នយោបាយ ប៉ុន្តែសមាគមចាប់អនុវត្តសម្រាប់វិស័យអាទិភាពចាំបាច់មុនគេ ហើយសមស្របទៅនឹងកម្រិតរបស់សិស្សនិស្សិតកម្ពុជា ពិសេសគឺឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ របស់អ្នកវិនិយោគនៅកម្ពុជា។ ពីព្រោះនៅកម្ពុជាមានទីផ្សារការងារច្រើនណាស់ដែលកំពុងត្រូវការបុគ្គលិកជំនាញ តួយ៉ាងកម្មវិធីនៅថ្ងសនេះក៏មានការចូលរួមពីសំណាក់សមាគមពាណិជ្ជកម្មកម្ពុជា-ចិន សមាគមហងកុង-ម៉ាកាវ និងសមាគម មូលនិធិផ្សេងៗទៀត ដែលមានសក្ដាកុពលលើការវិនិយោគ និងត្រូវការបុគ្គលិកបម្រើការងារដ៏ច្រើនបន្ថែមទៀត។ មួយវិញទៀតថា សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំនឹងរៀបចំឱ្យមានពិព័រណ៍អប់រំអន្តរជាតិលើកដំបូង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយព័ត៌មានដល់សិស្សនិស្សិតកម្ពុជាពីឱកាសទទួលបានការសិក្សាតាមរយៈអាហារូបករណ៍នៅប្រទេសចិន ដោយមានការអញ្ជើញសាលា/សាកលវិទ្យាល័យនៅប្រទេសចិនដែលជាដៃគូរបស់សមាគម មកធ្វើបទបង្ហាញដល់សិស្សនិស្សិតកម្ពុជា។ សិស្សនិស្សិតកម្ពុជានឹងបានឈ្វេងយល់ពីសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនៅប្រទេសចិនកាន់តែច្បាស់ ពិសេសគឺឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅទីនោះ។

សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំក៏បានផ្ដល់អាហារូបករណ៍ចំនួន២០កន្លែង ជូនទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីពិនិត្យលើលទ្ធភាព និងបែងចែកទៅឱ្យសិស្សនិស្សិតណាខ្លះក្នុងការបញ្ជូនទៅសិក្សានៅប្រទេសចិននាពេលខាងមុខ។ គួរជម្រាបថា កិច្ចខិតខំរបស់សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ ក៏ដូចជាការបង្កើតឱ្យមានមជ្ឈមណ្ឌលសិក្សនៅប្រទេសចិននេះ  គឺស្របទៅនឹងស្មារតីនៃការឯកភាពរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន ដែលមានបំណងចង់ជំរុញឱ្យមានការបណ្ដុះបណ្ដាលសិស្សនិស្សិត និងអភិវឌ្ឍធនធានមនុស្សនៃប្រទេសទាំងពីរ ខណៈមិត្តភាពកម្ពុជា-ចិនគឺជាមិត្តភាពដែកថែប៕