ពិធីលៀងសាយភោជន៍ជាផ្លូវការរវាងលោក Trump និង លោក Xi នៅសេតវិមានក្រុងវ៉ាស៊ីនតោនរៀបចំឡើងយ៉ាងពិសេសបំផុត ដោយភ្ញៀវចូលរួមសុទ្ធតែលំដាប់មហាសេដ្ឋី និងស្ថាបនិកបច្ចេកវិទ្យាខ្នាតយក្ស
វត្តមានរបស់លោកប្រធានាធិបតីចិន Xi Jinping និងលោកស្រី Peng Liyuan) បានមកដល់សេតវិមានក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងពិធីលៀងសាយភោជន៍ផ្លូវការជាមួយលោកប្រធានាធិបតី Donald Trump និងស្រី្តទី១អាម៉េរិក Melania Trump។ លោក Xi ស្ថិតក្នុងស្លៀកឈុតពណ៌ខ្មៅ និងលោកស្រី Peng ដែលស្លៀកឈុតរ៉ូបពណ៌ក្រហម បានចុះពីរថយន្តទំនើប លីម៉ូស៊ីន (limousine) មកលើកម្រាលព្រំពណ៌ក្រហមនៅត្រង់ច្រកចូលខាងជើងនៃសេតវិមាន (North Portico) ជាទីកន្លែងដែលមេដឹកនាំទាំងពីរបានចាប់ដៃគ្នាជាមួយគ្រួសាររបស់ Trump និងថតរូបជុំគ្នា។ ចំណែកលោក Trump វិញបានគ្រងសំលៀកបំពាក់ឈុតអាវធំបែបផ្លូវការប្រភេទ (tuxedo) ចំណែកលោកស្រី Melania Trump បានស្លៀកឈុតខោជាប់អាវដ៏លេចធ្លោបែប (jumpsuit) ដែលមានរចនាប័ទ្មដូចឈុតអាវធំផ្លូវការរបស់មេដឹកនាំអាម៉េរិកដែរ ព្រមទាំងមានចងក្រវាត់កជាខ្សែធ្នូ ឬ (bow tie) ដ៏ធំមួយ។ បញ្ជីឈ្មោះភ្ញៀវដែលបានអញ្ជើញមកចូលរួមក្នុងពិធីលៀងសាយភោជន៍ដ៏អស្ចារ្យនេះរួមមាន៖ មហាសេដ្ឋីជាច្រើនរូបដូចជាលោក Jensen Huang (ស្ថាបនិកក្រុមហ៊ុន Nvidia) លោក Sam Altman (នាយកប្រតិបត្តិក្រុមហ៊ុន OpenAI) និងលោក Jeff Bezos (ស្ថាបនិកក្រុមហ៊ុន Amazon) លោក Elon Musk របស់ Tesla និង លោក Mark Zukerberg របស់ក្រុមហ៊ុន Meta ជាដើម។ ពិធីលៀងសាយភោជន៍នេះគឺជាព្រឹត្តិការណ៍បញ្ចប់នៃថ្ងៃដ៏អធិកអធមមួយ ដែលបង្ហាញពីដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Xi ក្នុងរយៈពេល១១ឆ្នាំមកនេះ។ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ លោកប្រធានាធិបតី Trump បានថ្លែងកោតសរសើរចំពោះមិត្តភាពរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងបានលើកឡើងពីភាពស្រស់ស្អាតនៃសាលទទួលភ្ញៀវ (ballroom) របស់សេតវិមានចិន អំឡុងពេលនៃពិធីលៀងសាយភោជន៍ដែលលោក Xi បានទទួលលោកកាលពី៤ខែមុន។ ពិធីនេះគឺពិសេសខ្លាំងព្រោះភ្ញៀវដែលភាគច្រើនមកចូលរួមគឺជាអ្នកជំនួញបច្ចេកវិទ្យាខ្នាតយក្ស សំណាក់មហាសេដ្ឋី អ្នកមានឥទ្ធិពលនយោបាយនៅវ៉ាស៊ីនតោន និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប មានជម្រើសនៃការស្លៀកពាក់របស់ពួកគេ ការរៀបចំកន្លែងអង្គុយ និងមុខម្ហូបដែលបានរៀបចំ សុទ្ធតែជាព័ត៌មានលម្អិតដែលបង្ហាញពីប្រណីតភាពដ៏អស្ចារ្យបំផុត និងមានភាពអធិកអធមនៃការទូតភាព មានកម្មវិធីកម្សាន្តសប្បាយរីករាយដែលលោក Trump ពេញចិត្តបំផុតដោយសារលោកជាបុគ្គលដែលមានភាពល្បីល្បាញខាងប្រណីតភពក្នុងពិធីជប់លៀងផងដែរ។ លោក Donald Trump បានមានប្រសាសន៍ក្នុងពេលលើកកែវជូនពរទៅកាន់អង្គពិធីទាំងមូលថា៖ ទាំងខ្ញុំ និងលោកប្រធានាធិបតី Xi សុទ្ធតែយល់ច្បាស់ថា យើងតំណាងឱ្យប្រព័ន្ធនយោបាយខុសគ្នា ប៉ុន្តែទំនាក់ទំនងរវាងប្រជាជនរបស់យើងនៅតែរឹងមាំ ហើយយើងមិនដែលសូវមានពេលវេលាចុះសម្រុងគ្នាបានល្អប្រសើរដូចពេលនេះឡើយ»។ លោកបានបន្ថែមថា៖ យើងអាចបន្តកសាងទំនាក់ទំនងដែលជំរុញឱ្យមានវិបុលភាព និងសន្តិសុខសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបាន។ ចំណែកមេដឹកនាំចិន លោក Xi Jinping វិញក៏បានលើកកែវជូនពរនៅសេតវិមាននិងមនុស្សជុំវិញខ្លួនលោកវិញថា៖ គោលដៅប្រទេសយើងទាំងពីរនេះសុទ្ធតែមានមហិច្ឆតា ហើយយើងអាចពង្រឹងគ្នាទៅវិញទៅមកបាន។ លោក Xi ក៏បានថ្លែងអំណរគុណដល់លោក Trump និងលោកជំទាវទីមួយ Melania Trump ចំពោះបដិសណ្ឋារកិច្ច និងបានផ្ញើសារជូនពរដល់អ្នកចូលរួមទាំងអស់ក្នុងពិធីបុណ្យពាក់កណ្តាលសរទរដូវ ឬ បុណ្យសែនព្រះខែប្រពៃណីចិននៅពេលនេះ។ លោក Trump បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យលោក Xi ចាប់អារម្មណ៍អំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក Xi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយបានលើកសរសើរចំពោះទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធរបស់ពួកគេ ទោះបីជាលោកបានរិះគន់បេក្ខជនកំពូលៗរបស់គណបក្សប្រជាធិបតេយ្យថាជា “មនុស្សកុម្មុយនិស្ត” មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាក៏ដោយ។ បន្តមកលោក Xi និងលោក Trump បានពិភាក្សាគ្នាអំពីភាពតានតឹងលើកោះតៃវ៉ាន់ បញ្ហាសម្ពាធពាណិជ្ជកម្ម និងបញ្ញាសិប្បនិម្មិតក្នុងអំឡុងពេលម៉ោងធ្វើការ ទោះបីជាការប្រយុទ្ធគ្នារវាងវិសោធនកម្មទីមួយលើការចូលប្រើប្រាស់សារព័ត៌មាននៅសេតវិមានបានលាតត្រដាងក៏ដោយ។ ប៉ុន្តែលោក Trump បានជ្រើសរើសជាសាធារណៈដើម្បីផ្តោតលើការបង្ហាញលោក Xi នូវអំពីព័ត៌មានថ្មីៗអំពីសេតវិមានរបស់លោកកាលពីរសៀលថ្ងៃព្រហស្បតិ៍នោះ រួមទាំងការអនុញ្ញាតឱ្យលោកទៅទស្សនាឧទ្ធម្ភាគចក្រប្រធានាធិបតីប្រភេទ Marine One របស់លោក និងកន្លែងចុះចតឧទ្ធម្ភាគចក្រថ្មីដែលលោកបានសាងសង់សម្រាប់ពួកវាផងដែរ។
សម្រួលអត្ថបទ៖ សុផារិន្ទ



