Zillion

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាករកីឡាការិនីការ៉ាតេដូកម្ពុជាទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿងនិងមេដាយសំរិទ្ធ៦គ្រឿង

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាករកីឡាការិនីការ៉ាតេដូកម្ពុជាទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿងនិងមេដាយសំរិទ្ធ៦គ្រឿង

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយជ័យលាភីការ៉ាតេក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាមានប្រសាសន៍ថាក្នុងនាមជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា សូមអបអរសាទរ ប្រកបដោយមោទកភាព ចំពោះជ័យជម្នះដែលនឹងត្រូវបានកត់ត្រាទុក ក្នុងប្រវត្តិសាស្រ្តរបស់សហព័ន្ធ ក៏ដូចជាប្រវត្តិសាស្រ្តនៃវិស័យកីឡារបស់កម្ពុជា ផងដែរ ។ ទោះទទួលបានមេដាយ ឬ មិនបានទទួលក្តី, ក៏កីឡាករ-កីឡាការិនីរបស់យើង, នៅក្នុងគ្រប់វិញ្ញាសា ប្រកួត, បានបង្ហាញទៅកាន់បណ្តាប្រទេសចូលរួមទាំងអស់ នូវស្មារតីនៃ ភាពជាកីឡាករ (Sportsmanship), ពោលគឺភាពអំណត់តស៊ូដល់ទីបញ្ចប់ ដើម្បីយកឈ្នះ; ក៏ប៉ុន្តែ, បើចាញ់, ក៏ចាញ់ប្រកបដោយកិត្តិយស ។ ដោយសារមូលហេតុនេះ គួបផ្សំនឹងភាពជោគជ័យដ៏ធំធេងនៃការធ្វើជាម្ចាស់ផ្ទះរបស់យើង, យើងបានបង្ហាញទៅកាន់អន្តរជាតិ ដោយមោទកភាព ថា កម្ពុជាមិនមែនជាប្រទេសអន់ថយ ដែលត្រូវបានញ៉ាំញីដោយសង្រ្គាមទៀតទេ! កម្ពុជាក៏ជាអរិយប្រទេសមួយ ដែលមានប្រជាជនខ្លាំងពូកែ និង មានសមត្ថភាព មិនចាញ់ អរិយប្រទេសដទៃទៀតដែរ!ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ ស៊ីហ្គេមលើកទី ៣២ មានកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជា មកពីក្លឹបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំនួន ៨ រូប បានចូលរួមប្រកួត ។ ជាលទ្ធផល, កីឡាករ-កីឡាការិនី មកពីក្លឹបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ចំនួន ៤ គ្រឿង, ក្នុងនោះ មេដាយប្រាក់ ចំនួន ១ និង មេដាយសំរិទ្ធិ ចំនួន ៣ ។ 

ស្របពេលដែលយើងកំពុងអបអរចំពោះសមិទ្ធផលរបស់យើង, យើងក៏គួរគិតគូរអំពីទិសដៅអនាគតនៃការលូតលាស់កីឡាការ៉ាតេរបស់កម្ពុជា ផងដែរ ។ ក្នុងនាមជាប្រធានសហព័ន្ធ, ខ្ញុំយល់ថា កិច្ចការនេះមិនមែនជារឿងងាយស្រួលនោះទេ ។ ការណ៍នេះទាមទារ នូវការចូលរួមប្រកបដោយឆន្ទៈ និង ស្មារតីបុរេសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីខ្លួនខ្ញុំផ្ទាល់ រហូតដល់ថ្នាក់ដឹកនាំ និង មន្រ្តីសហព័ន្ធ, ក៏ដូចជាកីឡាករ-កីឡាការិនី និង គ្រូបង្វឹកទាំងអស់ ផងដែរ ។  

 ក្នុងស្មារតីនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានចែករំលែកនូវទស្សនាទានមួយចំនួន ជាគោលការណ៍រួម សម្រាប់កំណត់ទិសដៅអនាគត នៃការអភិវឌ្ឍកីឡាការ៉ាតេរបស់កម្ពុជា ដូចខាងក្រោម៖ 

 ទី១-ពង្រឹងរចនាសម្ព័ន្ធ និង សមត្ថភាពស្ថាប័នរបស់សហព័ន្ធ ដើម្បីដឹកនាំ និង ជំរុញលើកកម្ពស់វិស័យកីឡាការ៉ាតេ ឱ្យកាន់តែរីកចម្រើន និង ក្លាយជាផ្នែកមួយ ក្នុងការ-រួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និង ក្នុងការលើកតម្កើងកិត្យានុភាពជាតិ ។ 

ទី២-ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយសហព័ន្ធការ៉ាតេនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍, សហព័ន្ធការ៉ាតេអាស៊ី និង សហព័ន្ធការ៉ាតេ ពិភពលោក ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាការ៉ាតេ ។ 

ទី៣-ជំរុញការបណ្តុះបណ្តាល និង ការបង្កើនធនធានមនុស្សបន្ថែមទៀត, ទាំងកីឡាករ- កីឡាការិនី, គ្រូបង្វឹក និង អាជ្ញាកណ្តាល តាមរយៈការរៀបចំផែនការសកម្មភាព, ទិសដៅ និង យន្តការនៃការអភិវឌ្ឍធនធានមនុស្ស ឱ្យបានច្បាស់លាស់, ពិសេស ការបណ្តុះបណ្តាល កីឡាករ-កីឡាការិនីកម្ពុជា ប្រកបដោយសមត្ថភាព និង និរន្តរភាព ។  

 ទី៤-ពង្រឹង និង ពង្រីកការគាំទ្រ និង ការចូលរួមពីវិស័យឯកជន, ទាំងក្នុងរូបភាពជាអ្នកគាំទ្រ, ជាអ្នកផ្តល់ប្រាក់ឧបត្ថម្ភ ឬជាដៃគូសហការ សម្រាប់ការផ្សាយពាណិជ្ជកម្ម ។ល។ ដើម្បីធានាចីរភាពនៃការអភិវឌ្ឍវិស័យកីឡាការ៉ាតេនៅកម្ពុជា ។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំសហព័ន្ធ នឹងបង្កើនការផ្សព្វផ្សាយកីឡាការ៉ាតេរបស់យើង ទៅដល់វិស័យឯកជន ក៏ដូចជាប្រជាជនទូទៅ ឱ្យកាន់តែផុសផុលថែមទៀត ។   

ទី៥-បង្កើនលទ្ធភាពចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ, ទាំងក្នុង និង ក្រៅប្រទេស, ឱ្យកាន់តែទូលំទូលាយ, ជាពិសេស ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ និង ជើងឯកការ៉ាតេពិភពលោក ។ ខ្ញុំក៏មានសុទិដ្ឋិនិយមផងដែរថា យើងនឹងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ នាពេលខាងមុខ, ជាមួយនឹងលទ្ធផលកាន់តែប្រសើរ ។