ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួប៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកើតចេញពីដំណើរការស្វែងរកសន្តិភាព និងការបញ្ចប់វិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដោយផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីការដោះស្រាយនយោបាយដោយទូលំទូលាយចំពោះវិបត្តិកម្ពុជា។
បន្ទាប់មក នៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ កម្ពុជា បានរៀបចំការបោះឆ្នោតជាតិជាលើកដំបូង ក្រោមការឧបត្ថម្ភ និងគាំទ្រពីអង្គការសហប្រជាជាតិ តាមរយៈអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ក្រោយការបោះឆ្នោត រដ្ឋសភាធម្មនុញ្ញបានរៀបចំ និងអនុម័តរដ្ឋធម្មនុញ្ញថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។
ចាប់តាំងពីពេលនោះមក ថ្ងៃទី២៤ ខែកញ្ញា ត្រូវបានរំលឹកជារៀងរាល់ឆ្នាំ ក្នុងនាមជាទិវារដ្ឋធម្មនុញ្ញ ដើម្បីរំលឹកដល់ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋធម្មនុញ្ញកម្ពុជាមានអាយុកាល៣៣ឆ្នាំ។
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័នរដ្ឋ ត្រូវតែស្របតាមរដ្ឋធម្មនុញ្ញជាដាច់ខាត។
រដ្ឋធម្មនុញ្ញកម្ពុជាក៏បានកំណត់អំពីគោលការណ៍នៃការបែងចែកអំណាចរដ្ឋ រួមមាន អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ព្រមទាំងបានធានានូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នៃនីតិរដ្ឋ។
ការប្រារព្ធទិវារដ្ឋធម្មនុញ្ញ គឺជាការរំលឹកដល់សារៈសំខាន់នៃរដ្ឋធម្មនុញ្ញ ក្នុងការធានានូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យពហុបក្ស ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការរក្សានូវនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕













