Zillion

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្ទៀងផ្ទាត់លទ្ធផលរបាយការណ៍ សិក្សាវាយតម្លៃ ការត្រៀមរៀបចំសម្រាប់ការឆ្លើយតបគ្រោះអាសន្ននៅកម្ពុជា

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ ធនាគារពិភពលោក នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្ទៀងផ្ទាត់លទ្ធផលរបាយការណ៍ សិក្សាវាយតម្លៃ ការត្រៀមរៀបចំសម្រាប់ការឆ្លើយតបគ្រោះអាសន្ននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម) ។ សិក្ខាសាលានេះប្រព្រឹត្តិទៅ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកស្រី វីកា រ៉ូសារីយ៉ូ បូហ្គាអឺត (Ms. Vica Rosario Bogaerts) អ្នកឯកទេស ជាន់ខ្ពស់ គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងជាប្រធាន ក្រុមការងារ តំណាង ធនាគាពិភពលោក ប្រចាំកម្ពុជា, ឯកឧត្តម អគ្គលេខាធិការ , ឯកឧត្តម ប្រធានលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក-លោកស្រី ជាតំណាង ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ។

មានប្រសាសន៍បើក ឯកឧត្តមហង្សសាមឿន ក្នុងនាមឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថាខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់នូវ បញ្ហាប្រឈមនឹងហានិភ័យជាច្រើន បង្កដោយធម្មជាតិ និងមនុស្ស ដែលជាបុព្វហេតុ នៃ គ្រោះមហន្តរាយ។ ដោយឡែកនៅកម្ពុជា មុខសញ្ញាគ្រោះថ្នាក់ដោយ ធម្មជាតិ កើតមាន ជារៀងរាល់ឆ្នាំ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិត ដូចជា ជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាត ជាដើម។ ចំណែកឯ មុខសញ្ញាគ្រោះថ្នាក់ដោយមនុស្សវិញ ក៏កើតមានថ្មីៗ ដូចជា គ្រោះថ្នាក់សំណង់អាគារបន្ថែមលើអគ្គិភ័យ, គ្រោះថ្នាក់ចរាចរណ៍ និងមុខសញ្ញាគ្រោះថ្នាក់ មួយចំនួនទៀត។ ហានិភ័យគ្រោះមហន្តរាយ កំពុងបន្តកើតឡើង និងបង្កផលប៉ះពាល់ ដល់ដំណើរការ សកម្មភាព សេដ្ឋកិច្ចសង្គម។

ឯកឧត្តមហង្សសាមឿនបន្តថា
ដោយមានកិច្ចសហប្រតិបត្តិការជាមួយ និងការគាំទ្រពី ធនាគារ ពិភពលោក ទើបសិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ផ្ទៀងផ្ទាត់ជាចុងក្រោយ លើរបាយការណ៍សិក្សាវាយតម្លៃស៊ីជម លើសមត្ថភាពនៃ ការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្ននៅកម្ពុជា ដែលនឹងធ្វើ ការសម្រេចលើធាតុចូល ដើម្បីដាក់ទៅក្នុងផែនការវិនិយោគទាំង១៩ ដែលគ្រោងនឹង ដាក់ចេញសម្រាប់ការឆ្លើយតបទៅនឹងតម្រូវការនៃការត្រៀមរៀបចំ និងការឆ្លើយតប គ្រោះអាសន្ន ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អនុប្រធានទី២(គ.ជ.គ.ម.) មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងទទួលបានការយល់ដឹងយ៉ាងច្បាស់ អំពីភាពខ្លាំង នៃសមត្ថភាពរបស់ការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្ននៅកម្ពុជា និងជា កាលានុវត្តភាព – សម្រាប់ការធ្វើឱ្យប្រសើរឡើង។ សមត្ថភាពលើការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះអាសន្ន កាន់តែមានប្រសិទ្ធភាព។ ក្នុងន័យនេះ លទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់នេះ នឹងរៀបចំដាក់ចេញនូវ ផែនការវិនិយោគ ដែលមានលក្ខណៈសមស្របទៅនឹងតម្រូវការជាក់ស្ដែង ហើយនឹង ត្រូវបានប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការកៀគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគាំទ្រ ដល់ការអនុវត្តន៍សកម្មភាព គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា កាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន នៅក្នុងសហគមន៏មូលដ្ឋាន ។

គួរបញ្ជក់ផងដែរថាក្នុងអង្គសិក្ខាសាលា សិក្ខាកាម អាចពិនិត្យឡើងវិញ និងផ្តល់ធាតុចូល ដើម្បីបញ្ជាក់អំពីលទ្ធផលនៃការសិក្សា គោលបំណងជាក់លាក់នៃសិក្ខាសាលា បពា្ជក់ទៅលើលទ្ធផលនៃការសិក្សាវាយតម្លៃ អំពីការត្រៀម និងឆ្លើយតបគ្រោះ មហន្តរាយ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាព ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយ នៅកម្ពុជា ។