តុលាការប្រទេសស្រីលង្កាសម្រេចកាត់ទោសលើបុរស១៥នាក់ដាក់ពន្ធនាគាររយៈពេល២០០ឆ្នាំ! ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកកាលពីបុណ្យ Easter ឆ្នាំ២០១៩ សម្លាប់មនុស្ស២៦៧នាក់

តុលាការប្រទេសស្រីលង្កាមួយបានសម្រេចកាត់ទោសបុរស ១៥ នាក់ឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ២០០ ឆ្នាំ (ដែលមានន័យថាពួកគេនឹងត្រូវជាប់ឃុំរហូតដល់ថ្ងៃស្លាប់តែម្តង) ជុំវិញនៃការជាប់ពាក់ព័ន្ធក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនាថ្ងៃបុណ្យ Easter កាលពីឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សសរុបចំនួន ២៦៧នាក់។ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការជាន់ខ្ពស់ដែលមានចៅក្រម៣រូប ក៏បានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិរបស់ជនជាប់ចោទដែរ និងលុបចោលរាល់ការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិទាំងនោះ ស្របតាមច្បាប់ដ៏តឹងរ៉ឹងប្រឆាំងនឹងអំពើភេរវកម្មក្នុងប្រទេសនេះ។ សាលក្រមនេះត្រូវបានប្រកាសឡើងចំពេលដែលមានការរឹតបន្តឹងផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹង ដោយមានមន្ត្រីប៉ូលិសរាប់រយនាក់ដាក់ពង្រាយនៅជុំវិញបរិវេណតុលាការ បន្ទាប់ពីដំណើរការកាត់ក្តីដ៏យូរអង្វែងដែលអូសបន្លាយពេលជិត៥ឆ្នាំ។ ការវាយប្រហារកាលពីថ្ងៃទី ២១ ខែមេសា កាលពីឆ្នាំ២០១៩ នោះ បានកំណត់គោលដៅលើព្រះវិហារគ្រិស្តសាសនាចំនួន៣ និងសណ្ឋាគារចំនួន៣ នៅទូទាំងប្រទេសដែនកោះមួយនេះ អំឡុងពេលមានពិធីបុណ្យ Easter។ ការវាយប្រហារទាំងនោះក៏បានបណ្តាលឱ្យមនុស្ស ៥៧៤ នាក់ផ្សេងទៀតរងរបួសផងដែរ។ ការបំផ្ទុះគ្រាប់បែកទាំងនេះ ត្រូវបានជំរុញទឹកចិត្តដោយក្រុមរដ្ឋឥស្លាម ឬ ក្រុម IS (Islamic State) គឺជាការវាយប្រហារដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស្រីលង្កា។ វាបានសម្លាប់ជនបរទេសចំនួន៤២នាក់ និងបង្កការបំផ្លិចបំផ្លាញដល់សហគមន៍នានាទូទាំងប្រទេស។ បុរសដែលត្រូវបានកាត់ទោសទាំងនោះ គឺមកពីសហគមន៍ជនជាតិភាគតិចមូស្លីមរបស់ប្រទេសស្រីលង្កាតែម្តង។ អាជ្ញាធរបានដាក់ពាក្យបណ្តឹងចោទប្រកាន់ចំនួន ២៣,២៧០ករណីនៅឆ្នាំ ២០២១ ប្រឆាំងនឹងជនសង្ស័យចំនួន២៥នាក់ ដែលត្រូវបានចោទប្រកាន់ថា៖ បានរៀបចំផែនការ ឬញុះញង់ឱ្យមានការវាយប្រហារទាំងនេះ។ ជនជាប់ចោទម្នាក់ក្នុងចំណោមពួកគេបានស្លាប់ នៅមុនពេលដំណើរការកាត់ក្តីបញ្ចប់។ ការចោទប្រកាន់ទាំងនោះរួមមាន អំពើឃាតកម្ម ការសមគំនិតប្រព្រឹត្តអំពើភេរវកម្ម និងបទល្មើសពាក់ព័ន្ធនឹងអាវុធ និងគ្រឿងផ្ទុះ ក្រោមច្បាប់ស្តីពីការទប់ស្កាត់អំពើភេរវកម្ម។ គេជឿជាក់ថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលបានចូលរួមធ្វើសកម្មភាពដោយផ្ទាល់ពីការវាយប្រហារ នោះ ត្រូវរួចខ្លួន ឬ ទុកឲ្យមានជីវិតនោះឡើយ។ ក្រុមសកម្មប្រយុទ្ធឥស្លាមចំនួន២ ដែលមានមូលដ្ឋាននៅស្រីលង្កា ត្រូវបានចោទប្រកាន់ថាជាអ្នកអនុវត្តការបំផ្ទុះគ្រាប់បែកនៅពេលនោះ។ នៅខាងក្នុងបន្ទប់សវនាការ ជនជាប់ចោទហាក់ដូចជាមានភាពធូរស្រាល ដោយពួកគេបាននិយាយគ្នាលេងសើចជាមួយគ្នាអំឡុងពេលសម្រាក ហាក់ដូចជាពេញចិត្តទទួលយកនូវការកាត់ក្តីនេះ ហើយពួកគេក៏បានស្នើសុំ ដោយអនុញ្ញាតឱ្យពួកគេអធិស្ឋាន អំឡុងពេលមានការអានសាលក្រមដ៏វែងអន្លាយនោះផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ