ឯកឧត្តម ឈួរ សុបញ្ញា ៖យើងគោរពការលះបង់របស់កងទ័ព ហើយយើងក៏មិនភ្លេចការលះបង់របស់គ្រួសារដែលឈរនៅពីក្រោយកងទ័ពឡើយ

ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំងសហការជាមួយរដ្ឋបាលឃុំដំណាក់រាំងរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីសុខទុក្ខរបស់គ្រួសារកងទ័ពដែលរស់នៅក្នុងឃុំដំណាក់រាំង ចំនួន ៣៥គ្រួសារ នៅវត្តបញ្ញាមហាព្រហ្ម ស្ថិតនៅភូមិដំណាក់រាំង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងព្រះគ្រូវរណញ្ញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ព្រមទាំងមានការចូលរួមពីក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារកងទ័ពជាច្រើនកុះករ។ ការរៀបចំពិធីជួបសំណេះសំណាលនេះ បានបង្ហាញពីស្មារតី ស្តាប់បញ្ហាពីមូលដ្ឋាន យកចិត្តទុកដាក់លើគ្រួសារ និងរួមគ្នាដោះស្រាយបញ្ហាជាក់ស្តែង ព្រមទាំងពង្រឹងទំនាក់ទំនង សាមគ្គីភាព និងភាពកក់ក្តៅរវាងក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារកងទ័ពនៅក្នុងឃុំដំណាក់រាំង។

ជាការរួមចំណែកជាមួយអង្គពិធីឯកឧត្តម ឈួរ សុបញ្ញា បាននាំយកនូវក្តីនឹករលឹក ការយកចិត្តទុកដាក់ និងសេចក្តីសួរសុខទុក្ខដ៏កក់ក្តៅពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះបងប្អូនក្រុមគ្រួសារកងទ័ពទាំង ៣៥គ្រួសារ ព្រមទាំងបានជូនពរឱ្យបងប្អូន និងក្រុមគ្រួសារទាំងអស់ មានសុខភាពល្អ សុខសុវត្ថិភាព សុភមង្គល និងជីវភាពកាន់តែប្រសើរ។បន្ទាប់មកក្នុងនាមក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង ថ្លែងនូវការគោរព និងដឹងគុណចំពោះបងប្អូនវិរៈកងទ័ព ដែលបានខិតខំបំពេញភារកិច្ចយ៉ាងអង់អាចដោយការទទួលខុសត្រូវ និងការលះបង់នៅសមរភូមិជួរមុខដោយមាននូវការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រួសារ ដែលនៅពីក្រោយ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកបំពេញភារកិច្ច។ ព្រមជាមួយនោះខ្ញុំក៏សូមសម្តែងនូវសេចក្តីរីករាយដែលបានជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារកងទ័ព ដែលការជួបជុំថ្ងៃនេះ មិនមែនគ្រាន់តែជាការសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ស្តាប់ពីសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងរបស់បងប្អូន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយតាមលទ្ធភាព និងតាមសមត្ថកិច្ច។ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា: នៅពេលកងទ័ពបំពេញភារកិច្ច គ្រួសារគឺជាកម្លាំងចិត្ត ហើយនៅពេលគ្រួសារមានភាពរឹងមាំ កងទ័ពក៏មានភាពកក់ក្តៅក្នុងចិត្ត និងមានកម្លាំងបំពេញភារកិច្ច។ ជាមួយគ្នានេះផងដែរ ខ្ញុំក៏បានសំណូមពរដល់បងប្អូនគ្រួសារកងទ័ព បន្តរក្សាសាមគ្គីភាពក្នុងគ្រួសារ យកចិត្តទុកដាក់លើការសិក្សារបស់កូនៗ ថែរក្សា និងលើកកម្ពស់ជីវភាពគ្រួសារ ព្រមទាំងលើកឡើងនូវបញ្ហា និងសំណូមពរដែលកំពុងជួបប្រទះ ដើម្បីឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបានពិនិត្យ និងស្វែងរកដំណោះស្រាយសមស្រប។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ព ព្រមទាំងបានសម្តែងការកោតសរសើរ និងអំណរគុណចំពោះការលះបង់របស់បងប្អូនកងទ័ព និងក្រុមគ្រួសាររបស់ពួកគាត់។ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសាមគ្គីភាព ការយោគយល់ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រួសារ ព្រមទាំងជំរុញឱ្យបងប្អូនយកចិត្តទុកដាក់លើការអប់រំកូនៗ និងការកសាងអនាគតគ្រួសារឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនេះ ក្រុមការងារបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូនដល់គ្រួសារកងទ័ពទាំង ៣៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ ១. អង្ករ ១៥គីឡូក្រាម ២.មី ១កេះ ៣.ទឹកត្រី ១យួរ ៤.ទឹកស៊ីអ៊ីវ ១យួរ និង៥.ថវិកា ១០០,០០០រៀល។

បន្ទាប់ពីពិធីសំណេះសំណាល និងការឧបត្ថម្ភរួច ព្រះគ្រូវរណញ្ញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យបាននិមន្តប្រោសព្រំ និងប្រសិទ្ធពរតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជូនពរដល់ក្រុមការងារក្រុមគ្រួសារកងទ័ព និងអ្នកចូលរួមទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ សុវត្ថិភាព និងសេចក្តីចម្រើនក្នុងជីវិត និងការងារ។