ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី៖កម្ពុជា ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។
នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០។
រំលេចថាក្រសួងកិច្ចការនារី បានសម្របសម្រួល និងដឹកនាំធ្វើការវាយតម្លៃ និងរៀបចំរបាយការណ៍ អំពីលទ្ធផលនៃការអនុវត្តផែនការ សកម្មភាពជាតិនេះ ក្នុងគោលបំណងចងក្រងមេរៀន អំពីភាពជោគជ័យ និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១៩-២០២៣ ដែលការវាយតម្លៃនេះ ផ្តោតលើសមិទ្ធផលដែលសម្រេចបានភាព ប្រទាក់ក្រឡា សក្តិសិទ្ធិភាព ផលជះ និរន្តរភាព លើសមភាពយេនឌ័រនិងសិទ្ធិមនុស្ស ដែលក្នុងនោះបានផ្តល់នូវអនុសាសន៍ ចំនួន២៦ចំណុច សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ ឆ្នាំ២០២៥-២០៣០។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០ ត្រូវបានរៀបចំឡើងក្នុងគោលដៅ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បញ្ចកោណទី១ មុំទី៥ ស្តីពីការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្នរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយមានការដាក់បញ្ចូល នូវសកម្មភាពគន្លឹះ ដែលនឹងត្រូវអនុវត្តរួមគ្នាដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បន្តថា អំពើហិង្សាលើស្ត្រី គឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលរិតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី។ សកម្មភាពទាំងនោះ រួមមានការប្រើប្រាស់ហិង្សា ការគំរាមកំហែង ការបង្ខិតបង្ខំ ឬការដកហូតសិទ្ធិសេរីភាព ដែលអាចកើតមាននៅទីសាធារណៈ ឬក្នុងជីវិតឯកជន ហើយបុព្វហេតុចម្បងនៃអំពើហិង្សាលើស្ត្រី ត្រូវបានទទួលស្គាល់ជាទូទៅថា បណ្តាលមកពី “វិសមភាពយេនឌ័រ និងការរើសអើង” ក្នុងនោះស្ត្រី និងក្មេងស្រីជាក្រុម ដែលមានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សាគ្រប់ទម្រង់ ទាំងផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ច ដោយផ្ទាល់ និងតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងកិច្ចការនារី ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំរៀបចំបង្កើត អនុវត្ត និងតាមដានការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១៩-២០២៣ ដែលជាផែនការសកម្មភាពជាតិ លើកទី៣ ក្នុងគោលដៅឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមគ្នាអនុវត្ត ក្នុងការបង្ការទប់ស្កាត់ផ្តល់កិច្ចអន្តរាគមន៍ និងកិច្ចការពារដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយអំពើហិង្សាគ្រប់ទម្រង់ និងក្រុមជនងាយរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាពខ្ពស់។
សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជាអាទិភាពនៅក្នុងច្បាប់ និងគោលនយោបាយរបស់ខ្លួន និងបានអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ចំនួន៣លើករួចមកហើយ គឺលើកទី១ ឆ្នាំ២០០៩-២០១៣ លើកទី២ ឆ្នាំ២០១៤-២០១៨ និងលើកទី៣ ឆ្នាំ២០១៩-២០២៣។ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០ គឺជាផែនការសកម្មភាពជាតិ លើកទី៤ ដែលមានគោលបំណងពង្រឹងបន្ថែម លើជោគជ័យ និងបទពិសោធ ដែលទទួលបានពីការអនុវត្តផែនការសកម្មភាពកន្លងមក ក៏ដូចជាឆ្លើយតប ចំពោះបញ្ហាប្រឈម ដែលនៅសេសសល់ ដោយមានការចូលរួមគ្រប់ក្រសួង ស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាលព្រមទាំងសង្គមស៊ីវិល ក្នុងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់អំពើហិង្សាលើស្ត្រីនៅកម្ពុជា៕


