
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ និស្សិតថ្នាក់មូលដ្ឋាននៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទចំនួន៣៥០នាក់ ទទួលបានចំណេះដឹងបន្ថែមពីបញ្ហាគ្រឿងញៀន។

រាជធានីភ្នំពេញ៖ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ផ្តល់បទបង្ហាញពីបញ្ហាគ្រឿងញៀនដល់និស្សិតថ្នាក់មូលដ្ឋាននៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទចំនួន៣៥០នាក់ ទទួលបានចំណេះដឹងបន្ថែមពីបញ្ហាគ្រឿងញៀន នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ ចោមចៅ។
ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទដែលបានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ ព្រោះថា ការយល់ដឹងច្បាស់ពីគ្រឿងញៀនធ្វើឱ្យនិស្សិតមិនងាយធ្លាក់ទៅតាមការអូសទាញរបស់អ្នកទុច្ចរិតឱ្យប្រើប្រាស់គ្រឿងញៀនឡើយ “ការប្រើបំពានគ្រឿងញៀនគឺការប្រើបំពានវេជ្ជបញ្ជា និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គឺការប្រើគ្រឿងញៀនដែលច្បាប់ហាមឃាត់”។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញពីសារធាតុញៀនមួយចំនួនដែលត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមក្នុងការផលិតឱសថព្យាបាលជំងឺ និងសារធាតុគីមីផ្សំ សារធាតុមួយចំនួនដែលអាចយកទៅផលិតជាគ្រឿងញៀនហើយមានចែងក្នុងតារាងឧបសម្ព័ន្ធទាំង៤នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។