ឯកឧត្តម សំបូរ វណ្ណរិទ្ធ៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាផ្នែកសំខាន់នៃបរិវត្តកម្មឌីជីថល និងការពង្រឹងសន្តិសុខព័ត៌មាននៅមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម សំបូរ វណ្ណរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការបង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ មិនមែនជាការងារដែលកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការគិតគូរយ៉ាងល្អិតល្អន់ និងការអនុវត្តជាក់ស្តែងតាមទិសដៅដឹកនាំរបស់ក្រសួងព័ត៌មាន ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងធ្វើទំនើបកម្មវិស័យព័ត៌មាន និងផ្សព្វផ្សាយ។

ឯកឧត្តមបានមានប្រសាសន៍ថា គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ នឹងក្លាយជាថ្នាលសំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានឱ្យបានឆាប់រហ័ស ទាន់ហេតុការណ៍ និងមានតម្លាភាព ព្រមទាំងចូលរួមពង្រឹង «សន្តិសុខព័ត៌មាន» និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកម្រិតមូលដ្ឋាន។

ប្រសាសន៍របស់ ឯកឧត្តម សំបូរ វណ្ណរិទ្ធ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តម សំបូរ វណ្ណរិទ្ធ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយផ្អែកលើការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកទស្សនា អ្នកស្តាប់ និងអ្នកអានក្នុងយុគសម័យឌីជីថល។ ក្នុងនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យយកគេហទំព័រជាថ្នាលសំខាន់មួយសម្រាប់ការផ្សព្វផ្សាយព័ត៌មានរហ័ស ទាន់សភាពការណ៍ និងមិនចាំបាច់រង់ចាំតាមម៉ោងផ្សាយដូចប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា តាមការណែនាំនេះ ក្រសួងព័ត៌មានបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍគេហទំព័រសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥។ កិច្ចសហការរវាងក្រសួងទាំងពីរ បាននាំមកនូវលទ្ធផលសំខាន់ៗ រួមមាន៖

ទី១៖ បង្កើតស្តង់ដាររួមតែមួយ ដោយគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ត្រូវបានរៀបចំឱ្យមានអត្តសញ្ញាណរួម និងដាក់ឱ្យដំណើរការនៅលើដែនជាតិ .info.gov.kh ដែលបង្ហាញពីភាពជាផ្លូវការ និងអត្តសញ្ញាណរដ្ឋតែមួយ។

ទី២៖ បង្កើតប្រព័ន្ធគ្រប់គ្រងមាតិកាទំនើប ដោយគេហទំព័រទាំង២៥ ត្រូវបានគ្រប់គ្រងតាមថ្នាលតែមួយ ដែលអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានបានងាយស្រួល បែងចែកតួនាទីតាមឋានានុក្រម និងពង្រឹងសុវត្ថិភាពឌីជីថល។

ទី៣៖ ពង្រឹងសមត្ថភាពមន្ត្រី ក្រសួងព័ត៌មានបានរៀបចំការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់មន្ត្រីបង្គោលនៃមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ លើការគ្រប់គ្រងប្រព័ន្ធ CMS ការសរសេរព័ត៌មាន និងការផលិតមាតិកាឌីជីថល ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានគុណភាព រហ័ស និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តម សំបូរ វណ្ណរិទ្ធ បានចាត់ទុកការដាក់ឱ្យប្រើប្រាស់គេហទំព័រទាំង២៥នេះថា ជាជំហានដំបូងនៃដំណើរការអភិវឌ្ឍប្រព័ន្ធព័ត៌មានឌីជីថលនៅមូលដ្ឋាន ហើយក្រុមការងារនឹងបន្តអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

សម្រាប់ទិសដៅទៅមុខ ក្រុមការងារគ្រោងនឹងធ្វើសមាហរណកម្មគេហទំព័រទាំង២៥ ជាមួយបណ្តាញសង្គម កម្មវិធី MoINFO App និងប្រព័ន្ធផ្ទុកទិន្នន័យឌីជីថលជាតិ ព្រមទាំងសិក្សាបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជួយវិភាគទិន្នន័យ បំប្លែងសំឡេងទៅជាអត្ថបទ និងអត្ថបទទៅជាសំឡេង ដើម្បីបង្កើនប្រសិទ្ធភាពសេវាព័ត៌មាន។

ជាមួយគ្នានេះ ក្រសួងព័ត៌មាននឹងបន្តពង្រឹងសមត្ថភាពមន្ត្រី និងតាមដានការវិវត្តនៃបច្ចេកវិទ្យាជាប្រចាំ ដើម្បីធានាថាព័ត៌មានពីមូលដ្ឋានអាចត្រូវបានផ្សព្វផ្សាយចូលទៅក្នុងចរន្តព័ត៌មានជាតិបានកាន់តែឆាប់រហ័ស ភ្លាមៗ និងទាន់ហេតុការណ៍៕