កងទ័ពអ៊ីស្រាអែលនិយាយថា៖ ខ្លួនបានសម្លាប់បុរសម្នាក់នៅតំបន់ West Bank ដែលបានប៉ុនប៉ងបើករថយន្តបំបុកទាហានរបស់ពួកគេ

កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់បុរសជនជាតិប៉ាឡេស្ទីនម្នាក់ ដែលបានប៉ុនប៉ងបើករថយន្តបំបុកទាហាននៅផ្លូវបំបែកមួយកន្លែងក្បែរទីក្រុង Jenin ក្នុងតំបន់ West Bank ភាគខាងជើង។ កងទ័ពបានបញ្ជាក់ថា ខ្លួនកំពុងស្វែងរកបុរសម្នាក់ទៀតដែលបានជិះនៅក្នុងរថយន្តនោះដែរ។ ដោយឡែក បុរសជនជាតិអ៊ីស្រាអែលម្នាក់អាយុ ៣០ ឆ្នាំ ត្រូវបានគេសម្លាប់នៅក្បែរតំបន់តាំងទីលំនៅ Neve Tzuf ភាគខាងជើងទីក្រុង Ramallah ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលចាប់ផ្តើមពិធីបុណ្យ Yom Kippur ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏ពិសិដ្ឋបំផុតនៅក្នុងប្រតិទិនរបស់ជនជាតិជ្វីហ្វ។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ជនសង្ស័យដែលបានវាយប្រហារនោះ បានបើកការបាញ់ប្រហារចេញពីរថយន្ត ហើយបានរត់គេចខ្លួនដោយថ្មើរជើងតែម្តង។ បន្ទាប់ពីការស្វែងរកដោយកងកម្លាំងសន្តិសុខ កងទ័ពបាននិយាយថា បុរសរូបនោះបានរងរបួសពេលកំពុងរត់គេចខ្លួន ត្រូវបានគេចាប់ខ្លួននៅឯមន្ទីរពេទ្យមួយកន្លែងដែលគាត់បានទៅទទួលការព្យាបាល។ នេះគឺជាលើកទីពីរហើយនៅឆ្នាំនេះ ដែលជនស៊ីវិលអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ West Bank នេះបើយោងតាមអង្គការសហប្រជាជាតិបញ្ជាក់។ នាយករដ្ឋមន្ត្រី Benjamin Netanyahu របស់អ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយហៅការវាយប្រហារទាំងនេះថាជាទង្វើ «ដ៏គួរឱ្យស្អប់ខ្ពើម» ហើយបានណែនាំឱ្យកងទ័ពពង្រីកប្រតិបត្តិការនៅក្នុងតំបន់ West Bank។ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ West Bank ហើយការវាយប្រហារដោយក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែលដែលមានគំនិតជ្រុលនិយមទៅលើជនជាតិប៉ាឡេស្ទីន ក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដោយសារតែមានការលើកទឹកចិត្តពីសំណាក់អ្នកនយោបាយស្តាំនិយម និងជាតិនិយមជ្រុលនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល។ នៅមុនថ្ងៃអាទិត្យដដែលនោះ កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុង Al-Mughayyir នៃតំបន់ West Bank ភាគខាងជើង។ មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៨ នាក់ត្រូវបានចាប់ខ្លួន៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ