មូលនិធិមួយរបស់កូរ៉េខាងត្បូង ផ្តល់ជំនួយមនុស្សជាង១លានដុល្លារបន្ថែម ដល់ព្រឹទ្ធសភា កម្ពុជា

ភ្នំពេញ ៖ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃកូរ៉េខាងត្បូង បាននាំយក ជំនួយមនុស្សធម៌ពី ដែលគិតជាទឹកប្រាក់ក្នុងទំហំប្រមាណជាង ១.៦០០.០០០លានដុល្លារ ដល់ព្រឹទ្ធសភាកម្ពុជា តាមរយៈគណៈកម្មការទី១០។ ជំនួយមនុស្សធម៌នេះត្រូវបានទទួលដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទទី១០) ហើយ ដោយមានវត្តមានលោក Min Byong Jang តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលប្រចាំនៅកម្ពុជា។

នេះជាជំនួយមនុស្សធម៌លើកទី២៤ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) ដែលបានប្រគល់ដល់ព្រឹទ្ធសភាកម្ពុជា។ ជំនួយមនុស្សធម៌លើកទី២៤នេះ រួមមានឱសថចម្រុះចំនួន៤៥មុខ ថ្នាំបាញ់សម្លាប់សត្វល្អិត និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

គួរឱ្យដឹងថា គណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការប្រគល់-ទទួលជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារអាម៉េរិក។ បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមានចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ លោក ម៉ម ប៊ុននាង និងលោក Kim Jungnam បានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកបន្ថែមទំហំជំនួយមនុស្សធម៌ ដល់៥០លានដុល្លារ។

កាលពីខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការទី១០ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះហត្ថលេខាលើអនុស្សរណៈជាលើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌ឡើងដល់ ៦៥លានដុល្លារអាម៉េរិក។

ក្រោមកិច្ចសហប្រតិបត្តិការដោយប្រសិទ្ធភាព មូលនិធិចែករំលែកសង្គ្រោះជីវិតសកលរបស់កូរ៉េ ក៏បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជាជាបន្តបន្ទាប់ រួមមានដូចជា ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន២៤លើក រួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៦.១០៨.០៦៥,៨៤ដុល្លារ។

បើតាមការបញ្ជាក់របស់ព្រឹទ្ធសភា ជំនួយមនុស្សធម៌ទាំងអស់ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និងបែងចែកទៅតាមបណ្តារាជធានីខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ និងជាពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើងស្របតាមបំណងប្រាថ្នារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល៕