អភិបាលខេត្តកំពតទុកពេល២ខែឱ្យអ្នកវិនិយោគផ្សារកំពង់ត្រាចរៀបចំ តូប ផ្លូវបេតុង និងប្រព័ន្ធលូដោះទឹក ជូនអាជីវករ

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរស្រុក ចុះពិនិត្យ និងជួបសំណេះសំណាលជាមួយអាជីវករក្នុងផ្សារកំពង់ត្រាចដោយផ្ទាល់ ដើម្បីទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗ។ ការចុះពិនិត្យដោយផ្ទាល់ពីសំណាក់ឯកឧត្តមអភិបាលខេត្តនេះ គឺដើម្បីបានដឹងនូវសុខទុក្ខពិតប្រាកដ ក៏ដូចជាតម្រូវការផ្សេងៗរបស់បងប្អូនអាជីវករដែលប្រកបរបរលក់ដូរក្នុងផ្សារ ហើយក៏អាចមើលឃើញនូវទិដ្ឋភាពជាក់ស្តែងអំពីការអនុវត្តរបស់អ្នកវិនិយោគផ្សារ ថាតើបានអនុវត្តន៍តាមសៀវភៅបន្ទុកដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរឬទេ?

ក្រោយចុះពិនិត្យដោយផ្ទាល់ក្នុងផ្សារកំពង់ត្រាចរួចមក ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា អាជីវករទាំងអស់ក្នុងផ្សារគឺជាគ្រួសារតែមួយ ហើយគឺជាអ្នកដែលបានផ្តល់នូវការផ្គត់ផ្គង់ ម្ហូបចំណី បន្លែ សាច់ ដល់ភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដូច្នេះ ទីតាំងលក់ដូរក៏ត្រូវមានអនាម័យល្អ មានបរិស្ថានស្អាត មិនមានការជន់លិច ដែលធ្វើឱ្យបងប្អូនអាជីវករ និងពលរដ្ឋមានការពិបាកក្នុងទិញលក់។ ដោយសង្កេតឃើញថា ផ្សារកំពង់ត្រាចនេះ ពិតជាមានអនាម័យ បរិស្ថានមិនសូវស្អាត មានភក់ជ្រំ ផ្លូវបេតុងមានការខូចខាត ប្រព័ន្ធលូដោះទឹកចេញពីផ្សារមិនដំណើរការ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចុះពិនិត្យផ្ទាល់នូវរាល់ការអនុវត្តរបស់អ្នកវិនិយោគផ្សារ ថាតើអនុត្តន៍បានត្រឹមត្រូវតាមសៀវភៅបន្ទុកឬអត់។

ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានទុករយៈពេល ២ខែ ដើម្បីឱ្យអ្នកវិនិយោគផ្សារកំពង់ត្រាច រៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវបេតុង តូបលក់ដូររបស់អាជីវករ លូដោះទឹក ឱ្យបានរួចរាល់។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អ្នកវិនិយោគផ្សារ ត្រូវអនុវត្តន៍តាមសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងផ្សារភ្ជាប់សុខទុក្ខរបស់អាជីវករក្នុងផ្សារទាំងអស់ ដោយឆ្លើយតបតាមការសំណូមពររបស់ពួកគាត់។ ករណីមិនបានអនុវត្តន៍តាមសៀវភៅបន្ទុក និងដោះស្រាយសំណូមពររបស់អាជីវករនោះទេ ឯកឧត្តមនិងរៀបចំឱ្យអាជីវករក្នុងផ្សារទាំងអស់ ធ្វើការបោះឆ្នោតជ្រើសរើសអ្នកវិនិយោគថ្មី ដើម្បីបន្តវិនិយោគ ក៏ដូចជាអភិវឌ្ឍន៍ផ្សារកំពង់ត្រាចនេះឱ្យមានភាពល្អប្រសើរ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត