សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រៀបចំពិធីសូត្រមន្ត និងក្រុងពលី បើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានរៀបចំ «ពិធីសូត្រមន្ត និងក្រុងពលី» ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ក្នុងឱកាសបើកសម្ពោធ និងប្រកាសដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា ខេត្តមណ្ឌលគិរី។

ពិធីបែបសាសនានេះ បានប្រព្រឹត្តទៅដោយមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ២អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា-កាយឫទ្ធិនារី និងក្រុមកន្ទុំរុយជាច្រើនរូប ដែលស្ថិតនៅទីតាំងអគារថ្មី ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ការបង្កើត និងរៀបចំអគារសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរីនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការងារសង្គម និងអភិវឌ្ឍសមត្ថភាពកុលធីតាខ្មែរ ដោយអគារនេះនឹងបម្រើជាទីតាំងស្នូលសម្រាប់ការជួបជុំ ប្រជុំពិភាក្សា និងអនុវត្តសកម្មភាពមនុស្សធម៌ផ្សេងៗ។ លើសពីនេះ អគារសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្ត ក៏មានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់សមាជិកា រួមមានផ្នែកសាឡន និងផ្នែកកាត់ដេរផងដែរ។

នៅក្នុងឱកាសដ៏ប្រពៃនោះដែរ លោកជំទាវ ហ៊ី ផល្គុន បានអញ្ជើញសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែន កោះញែក ជាសមាជិកា ដែលទើបទទួលបានជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ដើម្បីជាការលើកទឹកចិត្ត លោកជំទាវ បានឧបត្ថម្ភកាតាបសិក្សា និងថវិកាមួយចំនួន ដល់សិស្សានុសិស្សប្រឡងជាប់ ព្រមទាំងបានចែកកាតាបសិក្សាជូនដល់ក្រុមកន្ទុំរុយផងដែរ៕