លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារក្នុងភូមិសាស្ត្រស្រុកសំរោងទង
កំពង់ស្ពឺ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ យួន ចន្រ្ទា ស្រី អាយុ៣៤ឆ្នាំ នៅភូមិព្រៃក្ដី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបានសំណេះសំណាលជាមួយក្រុមគ្រួសារគាត់ដោយក្តីអាណិតអាសូរពន់ពេក និងឧបត្ថម្ភជាថវិការ ចំនួន ២០០,០០០៛ ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន(អង្ករ២បាវ, ទឹកសុទ្ធ២កេស, ភេសជ្ជៈ១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងត្រីខ១យួរ ដែលសរុបជាថវិការ ចំនួន៤១០,០០០រៀលផងដែរ។
គួររំលឹកផងដែរថា ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ លោកតែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសមរម្យ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕



