ឯកឧត្តម ឈួរ សុបញ្ញា : យុវជនជំនាន់ថ្មី មិនគួរមានតែសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវមាន ចំណេះដឹង ជំនាញ វិន័យ សីលធម៌ ការទទួលខុសត្រូវ និងស្មារតីបម្រើសង្គម

នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំ បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ចំនួន ៥២នាក់ ដែលរស់នៅក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សម្រាប់ឆ្នាំ២០២៦ ឃុំដំណាក់រាំងមានសិស្សប្រឡងសរុប ៥២នាក់ ជាប់ ៤៩នាក់ ក្នុងនោះមាន៖ និទ្ទេស A ចំនួន ១នាក់, B ចំនួន ៦នាក់, C ចំនួន ១៤នាក់, D ចំនួន ១៧នាក់, E ចំនួន ១១នាក់ និង F ចំនួន ៣នាក់។ ក្នុងឱកាសនេះ ក្រុមការងារបានផ្តល់ រូបថតអនុស្សាវរីយ៍ ១សន្លឹក និងថវិកាលើកទឹកចិត្ត ជូនសិស្សតាមនិទ្ទេស ដោយ៖ ១. និទ្ទេស A៖ ១,៥០០,០០០រៀល/នាក់ ២. និទ្ទេស B ដល់ E៖ ១០០,០០០រៀល/នាក់ និង ៣.និទ្ទេស F៖ ៣០០,០០០រៀល/នាក់

ក្នុងពិធី ឯកឧត្តម បណ្ឌិត អ៊ុក កោសា បានអបអរសាទរចំពោះសមិទ្ធផលរបស់សិស្សានុសិស្ស និងលើកទឹកចិត្តឱ្យបន្តខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញ និងសីលធម៌ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សា និងការងារនាពេលអនាគត។សូមកូនៗទាំងអស់ កុំឱ្យលទ្ធផលប្រឡងកំណត់អនាគតរបស់យើងទាំងមូល។ អ្នកដែលទទួលបានលទ្ធផលល្អ សូមបន្តខិតខំដោយកុំឈប់រៀន អ្នកដែលមិនទាន់ទទួលបានលទ្ធផលតាមបំណង សូមកុំបាក់ទឹកចិត្ត ព្រោះឱកាសសម្រាប់ការរៀនសូត្រ និងកសាងអនាគតនៅតែមាន។

ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារាជរដ្ឋាភិបាលរចុះមូលដ្ឋានឃុំដំណាក់រាំង បានអបអរសាទរ និងផ្តាំផ្ញើដល់សិស្សានុសិស្សថា ការប្រឡងគឺជាចំណុចចាប់ផ្តើមនៃដំណាក់កាលថ្មី ដោយសិស្សដែលទទួលបានលទ្ធផលល្អ ត្រូវបន្តខិតខំ ខណៈសិស្សដែលមិនទាន់ទទួលបានលទ្ធផលតាមបំណង ក៏មិនត្រូវបាក់ទឹកចិត្តឡើយ។ សូមប្អូនៗ បន្តរៀន បន្តអភិវឌ្ឍជំនាញ បង្កើនសមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រយោជន៍ និងរស់នៅដោយសីលធម៌ និងការទទួលខុសត្រូវ។ ចូរយកចំណេះដឹងដែលទទួលបាន មកបង្កើតតម្លៃសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ។ អនាគតរបស់កម្ពុជា គឺស្ថិតនៅក្នុងដៃយុវជនជំនាន់ថ្មី។ ចូរយើងរួមគ្នាកសាងខ្លួនឱ្យក្លាយជាយុវជនដែលមានចំណេះដឹង មានជំនាញ មានសីលធម៌ និងមានស្មារតីទទួលខុសត្រូវចំពោះជាតិ និងសង្គម។

ដោយឡែក លោក លាង ខ្លឹង នាយករងវិទ្យាស្ថានបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ បានចែករំលែកអំពីឱកាសបន្តការសិក្សា និងការជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមសមត្ថភាព និងតម្រូវការទីផ្សារការងារ។