ឯកឧត្តម ភោគ សុវណ្ណារឹទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង និងមានការចូលរួមពីឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង បានអញ្ជើញចូលរួមវេទិកាសាធារណៈថ្នាក់ឃុំ នៅបរិវេណសាលាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
វេទិកាសាធារណៈ គឺជាយន្តការសំខាន់មួយសម្រាប់ ស្តាប់មតិពីមូលដ្ឋាន ស្វែងយល់ពីបញ្ហាជាក់ស្តែង និងភ្ជាប់ការងាររដ្ឋជាមួយតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយដែលអាចអនុវត្តបាន និងមានប្រសិទ្ធភាព។ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្ម ដោយបានលើកឡើងនូវបញ្ហា និងសំណូមពរពាក់ព័ន្ធនឹង ជីវភាពរស់នៅ ការផ្តល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក សន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងបញ្ហាប្រឈមផ្សេងៗក្នុងសហគមន៍។ បញ្ហា និងសំណូមពរដែលបានលើកឡើងត្រូវបានពិភាក្សា និងប្រមូលជាធាតុចូលសម្រាប់ការពិនិត្យ សម្របសម្រួល និងស្វែងរកដំណោះស្រាយឱ្យបានសមស្រប តាមសមត្ថកិច្ច និងលទ្ធភាពជាក់ស្តែង ព្រមទាំងបន្តជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសវេទិកាសាធារណៈ ឯកឧត្តមប្រធានបានលើកឡើងថា ការស្តាប់មតិ និងសំណូមពររបស់ប្រជាពលរដ្ឋដោយផ្ទាល់ពីមូលដ្ឋាន គឺជាមូលដ្ឋានសំខាន់សម្រាប់ការយល់ដឹងអំពីបញ្ហាជាក់ស្តែង និងការរៀបចំដំណោះស្រាយឱ្យស្របតាមតម្រូវការ និងលទ្ធភាពជាក់ស្តែង។ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់លើការបន្តពង្រឹងកិច្ចសហការរវាងក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដោយត្រូវយកចិត្តទុកដាក់លើរាល់សំណូមពរ និងបញ្ហាប្រឈមដែលប្រជាពលរដ្ឋបានលើកឡើង ពិនិត្យតាមសមត្ថកិច្ច និងស្វែងរកដំណោះស្រាយដែលអាចអនុវត្តបាន។ ជាមួយគ្នានេះ ឯកឧត្តមប្រធានបានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានបន្ត ចុះជួបប្រជាពលរដ្ឋ ស្តាប់ដោយយកចិត្តទុកដាក់ ឆ្លើយតបដោយការទទួលខុសត្រូវ និងបន្តតាមដានលទ្ធផលនៃការដោះស្រាយ ដើម្បីឱ្យការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែប្រសើរចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។



