ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងការលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ដល់កុមារ និងការបង្កើតសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយប្រើ AI
ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (អដ/គ.ស.ច.គ.) និងសាកលវិទ្យាល័យ ដុងហ្គុក (Dongguk University) ប្រទេសកូរ៉េខាងត្បូង។ ហត្ថលេខីនៃអនុស្សរណៈនេះ រួមមាន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃ គ.ស.ច.គ. និងលោកសាស្ត្រាចារ្យ ចូ សាំង ស៊ីក (Cho Sang SiK) នាយកវិទ្យាស្ថានស្រាវជ្រាវតំបន់សាលារៀន និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ដុងហ្គុក។ ពិធីនេះក៏មានដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងសាកលវិទ្យាល័យ ដុងហ្គុក និងមន្ត្រីរាជការជាច្រើនរូប។
អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោង “ការលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ដល់កុមារ និងការបង្កើតសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមិនប៉ះពាល់បរិស្ថាន ដោយប្រើបញ្ញាសិប្បនិម្មិត (AI)”។ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងឥរិយាបថប្រកបដោយសុវត្ថិភាពចរាចរណ៍របស់កុមារកម្ពុជា តាមរយៈការអប់រំ និងការអនុវត្តផ្ទាល់។ គម្រោងនឹងបង្កើតសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបញ្ចូលបច្ចេកវិទ្យា AI និងសម្ភារៈបរិក្ខារឆ្លុះបញ្ចាំងពីស្ថានភាពផ្លូវជាក់ស្តែង ដើម្បីផ្តល់បទពិសោធន៍អប់រំប្រកបដោយភាពច្នៃប្រឌិត។ លើសពីនេះ វានឹងចូលរួមចំណែកក្នុងការកសាងប្រព័ន្ធអប់រំ និងប្រតិបត្តិការប្រកបដោយចីរភាព ដោយពង្រឹងសមត្ថភាពរបស់គ្រូបង្រៀន មន្ត្រីសុវត្ថិភាពចរាចរណ៍ មន្ត្រីនគរបាលចរាចរណ៍ និងសហគមន៍៕



