ភូមិបែកក្រង់ជាត្បូងពេជ្រអេកូទេសចរណ៍ និងវារីវប្បកម្មថ្មី លេចត្រដែតនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ស្ថិតនៅអែបជាប់នឹងធម្មជាតិដ៏ស្រស់បំព្រង ភូមិបែកក្រង់ នៃឃុំព្រៃនប់ ស្រុកព្រៃនប់ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និងបង្ហាញខ្លួនយ៉ាងធំធេងលើផែនទីវិស័យអេកូទេសចរណ៍ និងវារីវប្បកម្មក្នុងខេត្តព្រះសីហនុ។

ការលេចត្រដែតឡើងនេះ ត្រូវបានលើកឡើងដោយ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោកបានបញ្ជាក់ពីសក្តានុពលលេចធ្លោពីរដ៏សំខាន់របស់តំបន់នេះរួមមាន អេកូទេសចរណ៍ និងហ្វូងសត្វស្លាបរាប់សែនក្បាល ទីរមណីយដ្ឋានធម្មជាតិនេះ គឺជាជម្រកដ៏ប្រណីត និងសុវត្ថិភាពសម្រាប់ហ្វូងសត្វស្លាបរាប់សែនក្បាល ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការពាំនាំយកភាពស្រស់ត្រកាល រង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ត ព្រមទាំងស្រូបយកខ្យល់អាកាសបរិសុទ្ធក្រអូបឈ្ងុយឈ្ងប់ក្លិនធម្មជាតិ។ វារីវប្បកម្មលើផ្ទៃដីរាប់រយហិកតា ក្នុងនាមជាតំបន់ស្នូលនៃកសិ-វារីវប្បកម្មដ៏មានសន្ទុះ ភូមិបែកក្រង់ប្រមូលផ្តុំទៅដោយការចិញ្ចឹមបង្គា និងក្តាមធម្មជាតិ ដែលមិនត្រឹមតែជួយលើកស្ទួយជីវភាព និងសេដ្ឋកិច្ចគ្រួសារក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់អាហារសមុទ្រស្រស់ៗគុណភាពខ្ពស់ដល់ទីផ្សារផងដែរ។

រដ្ឋបាលស្រុកព្រៃនប់សូមអំពាវនាវ និងគោរពអញ្ជើញសាធារណជន ក៏ដូចជាភ្ញៀវទេសចរទាំងអស់ អញ្ជើញមកទស្សនាកម្សាន្តដោយរីករាយ។

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ