ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈរាជរដ្ឋាភិបាលបន្តចាត់វិធានការបង្ក្រាបយ៉ាងតឹងរ៉ឹង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះទេ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការបង្ក្រាបយ៉ាងតឹងរ៉ឹង និងជាប្រចាំ ដើម្បីទប់ស្កាត់ និងកាត់បន្ថយសកម្មភាពឆបោក ដែលកំពុងក្លាយជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីបណ្តាប្រទេស និងភាគីពាក់ព័ន្ធ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំណែនាំ និងតម្រង់ទិសអ្នកផលិតមាតិកាលើបណ្តាញសង្គម នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្តោតលើការចូលរួមរបស់អ្នកផលិតមាតិកា ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងការបង្កើនការយល់ដឹងរបស់សាធារណជនអំពីហានិភ័យនៃការឆបោកតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងបរិបទឌីជីថលបច្ចុប្បន្ន បណ្តាញឧក្រិដ្ឋជន Online Scams អាចប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម ដើម្បីពង្រីកសកម្មភាពឆបោកឆ្លងកាត់ព្រំដែន និងកំណត់គោលដៅទៅលើប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសផ្សេងៗ។
ដោយសារបញ្ហានេះមានលក្ខណៈឆ្លងដែន ការប្រយុទ្ធប្រឆាំងនឹង Online Scams មិនអាចពឹងផ្អែកលើសកម្មភាពរបស់ប្រទេសណាមួយតែឯងបានឡើយ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការផ្លាស់ប្តូរព័ត៌មាន និងការរួមគ្នាចាត់វិធានការរបស់បណ្តាប្រទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការពង្រឹងការផ្សព្វផ្សាយព័ត៌មាន ការអប់រំ និងការបង្កើនការយល់ដឹងរបស់សាធារណជន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងបរិបទនេះ អ្នកផលិតមាតិកាលើបណ្តាញសង្គម ត្រូវបានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ អាចផ្ទៀងផ្ទាត់បាន និងប្រកបដោយការទទួលខុសត្រូវ ដើម្បីជួយឱ្យប្រជាពលរដ្ឋស្វែងយល់ពីល្បិចកលឆបោក និងបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញឌីជីថល។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង Online Scams មិនមែនជាបញ្ហារបស់កម្ពុជាតែឯងទេ ប៉ុន្តែជាបញ្ហារួមរបស់សហគមន៍អន្តរជាតិ ដែលតម្រូវឱ្យមានការរួមកម្លាំងរវាងរដ្ឋ ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងសង្គមឌីជីថល ដើម្បីរួមគ្នាកាត់បន្ថយលំហប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋកម្ម និងការពារប្រជាពលរដ្ឋពីការឆបោកតាមអនឡាញ៕



