រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ វេទិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បានបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់មេគង្គ-ឡានឆាង

ភ្នំពេញ៖ វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ ដែលរៀបចំឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» បានបញ្ចប់ដោយបង្ហាញពីការចូលរួម និងការផ្លាស់ប្តូរបទពិសោធន៍យ៉ាងសកម្មរបស់បណ្តាប្រទេសចូលរួម ព្រមទាំងបានបង្កើតគំនិតផ្តួចផ្តើមសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ថ្លែងក្នុងពិធីបិទវេទិកា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រតិភូ វាគ្មិន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកផ្ទៀងផ្ទាត់ការពិត តំណាងយុវជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងរួមចំណែកធ្វើឱ្យវេទិកាទទួលបានជោគជ័យ និងមានអត្ថន័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចពិភាក្សាពេញមួយថ្ងៃបានបង្ហាញថា បរិស្ថានព័ត៌មានកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយបច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិត (AI) បានពង្រីកការទទួលបានព័ត៌មាន ខណៈព័ត៌មានភាន់ច្រលំ ព័ត៌មានក្លែងបន្លំ និងខ្លឹមសារកែច្នៃបន្លំ ក៏កំពុងកើតឡើងកាន់តែលឿន និងស្មុគស្មាញ។

ចំណុចសំខាន់ដែលបានលេចចេញពីវេទិកា គឺគោលការណ៍ «បង្ការ ផ្ទៀងផ្ទាត់ និងសហការ» ដែលត្រូវបានចាត់ទុកជាគ្រឹះសម្រាប់ពង្រឹងសុចរិតភាពព័ត៌មាននៅក្នុងតំបន់។ ការបង្ការផ្តោតលើការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល ខណៈការផ្ទៀងផ្ទាត់នៅតែជាសសរស្តម្ភសំខាន់នៃវិជ្ជាជីវៈសារព័ត៌មាន និងការកសាងទំនុកចិត្តសាធារណៈ។

ជាមួយគ្នានេះ វេទិកាបានបង្កើតលំហសម្រាប់ប្រទេសកម្ពុជា ចិន វៀតណាម និងប្រទេសពាក់ព័ន្ធ ផ្លាស់ប្តូរបទពិសោធន៍លើការផ្ទៀងផ្ទាត់ព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យា ការតាមដានព័ត៌មាន ការឆ្លើយតបចំពោះព័ត៌មានមិនពិត និងការបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។

អ្វីដែលកាន់តែមានសារៈសំខាន់ គឺ គំនិតផ្តួចផ្តើមបង្កើត «បណ្តាញសុចរិតភាពព័ត៌មានមេគង្គ-ឡានឆាង» ត្រូវបានលើកឡើងជាវេទិកាដែលអាចជួយសម្រួលដល់ការពិគ្រោះយោបល់ទាន់ពេលវេលា ការផ្លាស់ប្តូរព័ត៌មានដោយស្ម័គ្រចិត្ត និងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមព័ត៌មានឆ្លងប្រទេស។ កម្ពុជាបានសម្តែងការស្វាគមន៍ចំពោះគំនិតនេះ ដើម្បីបន្តពិគ្រោះយោបល់ជាមួយដៃគូមេគង្គ-ឡានឆាង។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា តម្លៃនៃវេទិកាមិនគួរបញ្ចប់នៅក្នុងបន្ទប់ប្រជុំនោះទេ ប៉ុន្តែត្រូវបន្តបំលែងគំនិតដែលបានផ្លាស់ប្តូរគ្នា ទៅជាការអនុវត្តវិជ្ជាជីវៈ ការកសាងភាពធន់របស់សាធារណជន និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ទន្ទឹមនឹងនេះ ពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ ក៏បានក្លាយជាផ្នែកមួយនៃវេទិកា ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ស្នាដៃរបស់អ្នកសារព័ត៌មាន អ្នកផ្ទៀងផ្ទាត់ការពិត អ្នកបង្កើតមាតិកា និងយុវជនមកពីកម្ពុជា ចិន វៀតណាម និងមីយ៉ាន់ម៉ា ដែលបានរួមចំណែកដល់ការកសាងបរិស្ថានព័ត៌មានប្រកបដោយទំនុកចិត្ត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សុចរិតភាពព័ត៌មានគឺជាការទទួលខុសត្រូវរួមរបស់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកផ្ទៀងផ្ទាត់ការពិត វេទិកាបច្ចេកវិទ្យា អ្នកអប់រំ សង្គមស៊ីវិល អ្នកផលិតមាតិកា និងប្រជាពលរដ្ឋ។

ជាសារសំខាន់ពីវេទិកា ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «បង្ការ តាមរយៈការយល់ដឹង ផ្ទៀងផ្ទាត់ តាមរយៈវិជ្ជាជីវៈ និងសហការ តាមរយៈភាពជាដៃគូ» ដើម្បីរួមគ្នាផ្លាស់ប្តូរពីការឆ្លើយតបចំពោះព័ត៌មានភាន់ច្រលំ ទៅជាការកសាងបរិស្ថានព័ត៌មានដែលគួរឱ្យទុកចិត្ត និងមានភាពធន់កាន់តែខ្លាំងនៅទូទាំងតំបន់មេគង្គ-ឡានឆាង៕