ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ បើកសម្ពោធជាផ្លូវការនៅណាននីង ខណៈខេត្តកំពង់ស្ពឺបង្ហាញខ្លួនជា «ទីក្រុងដ៏ទាក់ទាញ» របស់កម្ពុជា

ណាននីង៖ ព្រឹត្តិការណ៍ «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (CAEXPO)» និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង ប្រទេសចិន ក្រោមអធិបតីភាពលោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន រួមទាំងលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះប្រព្រឹត្តទៅក្រោមប្រធានបទ «ចែករំលែកកាលានុវត្តភាព ៣.០ រួមគ្នាកសាងជីវភាពកាន់តែប្រសើរ» ចំខួប ៥ ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុវត្តកិច្ចព្រមព្រៀង CAFTA 3.0 ដោយមានសមាជិកអាស៊ានទាំង ១១ ប្រមូលផ្តុំគ្នាពេញលេញ បន្ទាប់ពីប្រទេសទីម័រខាងកើតបានចូលរួមជាសមាជិកពេញសិទ្ធិលើកដំបូង។

ពិព័រណ៍លើកនេះមានផ្ទៃដីតាំងបង្ហាញសរុប ១៧០,០០០ ម៉ែត្រការ៉េ ដោយមានក្រុមហ៊ុនជាង ៣,៤០០ មកពីជាង ៧០ ប្រទេស និងតំបន់ចូលរួម ជាមួយការរៀបចំកម្មវិធីសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រមាណ ៥០ ព្រឹត្តិការណ៍។

ដោយឡែកសម្រាប់កម្ពុជា ខេត្តកំពង់ស្ពឺ ត្រូវបានជ្រើសតាំងជា «ទីក្រុងដ៏ទាក់ទាញ (City of Charm)» តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់បង្ហាញពីសក្តានុពលសេដ្ឋកិច្ច ធនធានទេសចរណ៍ ផលិតផលប្រចាំតំបន់ និងវប្បធម៌ សំដៅទាក់ទាញវិនិយោគិនអន្តរជាតិ។

ទន្ទឹមនឹងនេះ ពិព័រណ៍ក៏មានការដាក់បង្ហាញ «ផ្សារទំនើប AI» ផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ (ផ្កាយរណប បរិក្ខារអវកាស) និងការតាំងបង្ហាញពិសេសពីសមិទ្ធផល «ព្រែកជីកពីងល (Pinglu Canal)» ដែលទើបតភ្ជាប់ចរាចរណ៍ផ្លូវទឹកជាផ្លូវការ សំដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មក្នុងតំបន់។