អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន៖ អាស៊ាន និងចិន ត្រូវទាញយកផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរី កំណែ ៣.០ (CAFTA 3.0) ដើម្បីបណ្តុះកម្លាំងចលករកំណើនថ្មី

ណាននីង ថ្ងៃទី១៧ ខែកញ្ញា ២០២៦៖ ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (CAEXPO) និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាពីសំណាក់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់អំពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាស៊ាន និងចិន ដោយបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន កំណែ ៣.០ (CAFTA 3.0) ដើម្បីកសាងកម្លាំងចលករកំណើនថ្មីលើវិស័យបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) ឧស្សាហកម្មបៃតង និងថាមពលកកើតឡើងវិញ។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់បន្ថែមថា គួរតែពង្រឹងការតភ្ជាប់ស៊ីសង្វាក់គ្នារវាងកិច្ចព្រមព្រៀង CAFTA 3.0 និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីបង្កើនភាពងាយស្រួលកាន់តែប្រសើរដល់ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់សហគ្រាសនានា ព្រមទាំងត្រូវធានាឱ្យបាននូវការបែងចែកផលប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ដល់គ្រប់ភាគី ជាពិសេសគឺសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

លោកបណ្ឌិត កៅ គឹមហួន បានមានប្រសាសន៍ថា បច្ចុប្បន្ន អាស៊ាន និងចិន កំពុងឈានចូលដល់ខួបលើកទី ៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយពិធីសារធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរី CAFTA 3.0 បានឈានដល់ដំណាក់កាលអនុវត្តជាក់ស្តែង ដែលនេះជាការបើកផ្លូវថ្មីមួយទៀតសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងសមាហរណកម្មកាន់តែស៊ីជម្រៅ ជំរុញនវានុវត្តន៍ និងការរីកចម្រើនរុងរឿងរួមគ្នា។

ជាចុងក្រោយ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យពិព័រណ៍ CAEXPO បន្តដើរតួនាទីគន្លឹះក្នុងការបំប្លែងកាលានុវត្តភាពដែលបង្កើតឡើងដោយ CAFTA 3.0 ឱ្យក្លាយទៅជាភាពជាដៃគូធុរកិច្ចកាន់តែរឹងមាំ ការចូលរួមកាន់តែទូលំទូលាយ និងជាប្រភពកំណើនថ្មី ដើម្បីនាំមកនូវវិបុលភាពរួមសម្រាប់ទាំងអាស៊ាន និងប្រទេសចិន។