អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវការកិច្ចសហប្រតិបត្តិការរួមរបស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង

ភ្នំពេញ៖ ការរីករាលដាលព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម និងបច្ចេកវិទ្យាឌីជីថល កំពុងក្លាយជាបញ្ហាប្រឈមឆ្លងព្រំដែន ដែលទាមទារឱ្យប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់បរិយាកាសព័ត៌មានដែលមានភាពត្រឹមត្រូវ និងគួរឱ្យទុកចិត្ត។

ថ្លែងក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជាង ណាន (JIANG NAN) អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ក្នុងបរិបទដែលបច្ចេកវិទ្យាថ្មី និងបណ្តាញសង្គមកាន់តែមានឥទ្ធិពល ព័ត៌មានក្លែងក្លាយអាចរីករាលដាលយ៉ាងឆាប់រហ័ស និងឆ្លងកាត់ព្រំដែនប្រទេសនានា ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជន ទំនាក់ទំនងរវាងប្រទេស និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោកបានបញ្ជាក់ថា ដោយសារបញ្ហានេះមានលក្ខណៈឆ្លងព្រំដែន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយមិនអាចពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសណាមួយតែឯងបានឡើយ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការរួម តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ ការពិភាក្សារវាងអ្នកជំនាញ និងការកសាងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រទេសចិនបានគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន ការពិភាក្សាជាមួយអ្នកជំនាញ ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងការពង្រឹងសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ការពិត។

លោក ជាង ណាន បានលើកឡើងថា កិច្ចសហប្រតិបត្តិការទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកបង្កើតមាតិកា ក្នុងការសម្គាល់ និងបែងចែកព័ត៌មានពិតពីព័ត៌មានក្លែងក្លាយ ព្រមទាំងជំរុញឱ្យការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្លាយជាការយល់ឃើញរួម និងសកម្មភាពជាក់ស្តែងនៅក្នុងតំបន់មេគង្គ-ឡានឆាង។

ជាមួយគ្នានេះ លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការផ្តល់ព័ត៌មាន និងបកស្រាយការពិតចំពោះព័ត៌មានចចាមអារ៉ាមដែលពាក់ព័ន្ធនឹងទំនាក់ទំនងចិន-កម្ពុជា តាមរយៈបណ្តាញព័ត៌មានផ្លូវការ ដើម្បីជួយឱ្យសាធារណជនទទួលបានព័ត៌មានដែលមានប្រភពច្បាស់លាស់ និងអាចបែងចែករវាងព័ត៌មានពិត និងព័ត៌មានប្រឌិត។

សម្រាប់ដំណាក់កាលបន្ទាប់ លោក ជាង ណាន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសចិន ក្នុងការបន្តធ្វើការជាមួយប្រទេសមេគង្គ ដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការកសាងសមត្ថភាព និងយន្តការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់បញ្ហាប្រឈមថ្មីៗ ដែលកើតចេញពីការរីកចម្រើននៃបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត និងលំហអ៊ីនធឺណិត។

លោកបានគូសបញ្ជាក់ថា គោលដៅនៃកិច្ចខិតខំប្រឹងប្រែងរួមនេះ គឺដើម្បីរួមចំណែកបង្កើតបរិយាកាសព័ត៌មានដែលមានភាពវិជ្ជមាន ត្រឹមត្រូវ និងគួរឱ្យទុកចិត្ត ព្រមទាំងគាំទ្រដល់ការពង្រឹងសាមគ្គីភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង៕