សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា!

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធសមា គមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)បានមានប្រសាសន៍ថា ការចុះ MOU នាពេលនេះ ជាព្រឹត្តិការណ៍សំខាន់មួយ វាជាឆ្អឹងខ្នង និងជាចលករនៃសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កន្លងមកសហគ្រាសធុនតូច និងមធ្យមតែងតែជួបប្រទះលើតម្លៃដឹកជញ្ជូន  ហើយយើងចាត់កំពង់ផែជាស្នូល និងបេះដូងនៃការដឹកជញ្ជូន ជាស្ពានសម្រួលពាណិជ្ជកម្ម សម្រួលការដឹកជញ្ជូន  ក្នុងស្រុក និងការនាំចេញទំនិញតាមច្រកកំពង់ផែសមុទ្រទៅកាន់តំបន់អាស៊ាននិង ពិភពលោក គឺវាពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ដោយជួយសម្រួលលើវិស័យផ្នែកដឹកជញ្ជូន។

 ឯកឧត្តម លូ គឹម ឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមាន ប្រសាសន៍ថា ការចុះអនុសរណ:យោគយល់គ្នានាពេលនេះ ជាព្រឹត្តិការណ៍ភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ ការនាំផលិតផលកម្ពុជាទៅកាន់ពិភពលោក ដោយសារស្ថានភាពនៃការដឹកជញ្ជូនមានការកើនឡើង កំពង់ផែត្រូវ 

ធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដោយនៅ ឆ្នាំ២០២៧ ដល់ឆ្នាំ២០៣០ ការសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ មានជម្រៅទឹក ១៧,៥ម៉ែត្រ ស្ថិតក្នុងគំរោងនៃការអភិវឌ្ឍ  នៅពេលដែលការសាង់សង់ដំណាក់កាលទី៣ត្រូវបានបញ្ចប់រួចរាល់ នោះនាវាដឹកជញ្ជូន នៅលើពិភព លោកនិងចូលចតបាន ដែលទាំងនេះគឺវាបានកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន បង្កើនការដឹកជញ្ជូនកាន់តែមានភាពងាយស្រួលជាងមុន ក៏ដូចជាមានការប្រគួតប្រជែងលើវិស័យដឹកជញ្ជូនលើអន្តរជាតិ។

 ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តមម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ការអនុស្សរណៈនៃការយោគយល់គ្នា

នាពេលនេះ ជាសក្ខីភាពក្នុងការតភ្ជាប់ ទ្វាពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់របស់កម្ពុជា ជាមួយកម្លាំងចលករនៃសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីជំរុញសក្តានុពលផលិតផលខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជានាពេលនេះ គឺធ្វើឡើងក្នុងគោល បំណងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការរវាងភាគីទាំងពីរ សំដៅបង្កើនការយល់ដឹងរបស់សហគ្រាសធុនតូច និងមធ្យម អំពីនិតិវិធី និងបែបបទកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជំរុញការសម្រួលកិច្ចពាណិជ្ជកម្ម កាត់បន្ថយចំណាយថ្លៃភស្តុភាកម្ម បង្កើនភាពងាយស្រួលដល់ការគាំទ្រការអភិវឌ្ឍ សមត្ថភាពប្រកួតប្រជែង និងការពង្រឹងភាពជាដៃគូរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិស័យឯកជន រួមគ្នាគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍មន្ថែមថា កំពង់ផែស្វយ័តក្រុងព្រះស៊ីហនុ ជាកំពង់ផែរបស់យើងទាំងអស់គ្នា វាជាបេះដូងរបស់ប្រទេសកម្ពុជាទាំងមូល  ជាស្នូលសេដ្ឋកិច្ច និងជាការដឹកជញ្ជូនដ៏សំខាន់បំផុត ទៅកាន់តំបន់អាស៊ាន និងទៅកាន់ទីផ្សារពិភពលោក។

អត្ថបទ៖ មន សូត្រ