កាកបាទក្រហមកម្ពុជា ផ្តល់ថវិកាមនុស្សធម៌១០ម៉ឺនដុល្លារជាលើកទី២ ជូនកាកបាទក្រហមចិន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន ដើម្បីចូលរួមគាំទ្រប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលកំពុងកើតមាននៅក្នុងប្រទេសចិន។

ការប្រគល់-ទទួលថវិកាជានិមិត្តរូប បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ចំពោះការផ្ទេរថវិកា នឹងប្រព្រឹត្តទៅតាមនីតិវិធីរបស់ប្រព័ន្ធធនាគារ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា ផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនសមាគមកាកបាទក្រហមចិន ដោយលើកទី១ ត្រូវបានផ្តល់កាលពីខែសីហា ឆ្នាំ២០២៦។ លើសពីនេះ កាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីគាំទ្រប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅតំបន់ព្រំដែននេប៉ាល់-ចិនផងដែរ។

ក្នុងឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំបណ្តាំសួរសុខទុក្ខ និងមនោសញ្ចេតនាពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាជនចិន ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ។ លោកជំទាវបានបញ្ជាក់ថា ទោះបីជាទឹកប្រាក់ជំនួយមានចំនួនមិនច្រើនក្តី ប៉ុន្តែជំនួយនេះបង្ហាញពីទឹកចិត្តមនុស្សធម៌ ការអាណិតអាសូរ និងការចែករំលែកទុក្ខលំបាករបស់កាកបាទក្រហមកម្ពុជា និងប្រជាជនកម្ពុជា ជាមួយប្រជាជនចិនក្នុងគ្រាលំបាក។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជំនួយដល់ប្រជាជនចិនជាបន្តបន្ទាប់។

ឯកឧត្តមបានលើកឡើងថា អ្វីដែលសំខាន់ មិនមែនស្ថិតនៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែគឺស្ថិតនៅលើទឹកចិត្ត តម្លៃមនុស្សធម៌ និងមនោសញ្ចេតនាចេះជួយយកអាសាគ្នាទៅវិញទៅមកនៅពេលជួបការលំបាក។
ក្នុងជំនួបនេះដែរ កាកបាទក្រហមកម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន សាខាខេត្តគ័ងស៊ី ដើម្បីជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីកាកបាទក្រហមកម្ពុជា លើវិស័យសង្គ្រោះបឋម។ សំណើនេះទទួលបានការគាំទ្រពីស្ថានទូតចិន ដោយឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ពីការត្រៀមជួយសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការឱ្យទទួលបានលទ្ធផលជាក់ស្តែង។

ជាមួយគ្នានេះ ស្ថានទូតចិនបានបញ្ជាក់ជំហរបន្តសហការ និងគាំទ្រកាកបាទក្រហមកម្ពុជាតាមលទ្ធភាព ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការជួយសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងប្រទេសទាំងពីរ៕