Zillion

យុទ្ធនាការចាក់វ៉ាក់សាងំជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី២២នេះតទៅ

ដើម្បីឆ្លើយតបទៅ នឹងផែនការ យុទ្ធសាស្ត្រសកល ថ្នាក់តំបន់ក៏ដូចជា ថ្នាក់ជាតិ ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតដែលគ្មាន អ្នកស្លាប់ដោយសារ ជំងឺឆ្កែឆ្កួតក្នុង ឆ្នាំ២០៣០ កម្ពុជា បានចាប់យុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅទូទាំង រាជធានីភ្នំពេញ ដែលចាប់ផ្តើម រយៈពេល១០ថ្ងៃគឹតចាប់ពី ថ្ងៃទី២២ ខែឧសភា រហូតដល់ ថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៣ ។

លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ ជំងឺឆ្កែឆ្កួតនេះ យើងត្រូវ គ្រប់គ្រងករណីសត្វខាំឬខ្វាច ការធ្វើចរាចរសត្វសុនខ ពង្រីកវិធានការចាក់ថ្នាំបង្ការជំងឺ ឆ្កែឆ្កួត ការអនុវត្តអនាម័យល្អក្នុងការចិញ្ចឹមសត្វសុនខ និងពង្រឹងការអប់រំ ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ និងជាពិសេស ជនរងគ្រោះដោយសារសត្វខាំឬខ្វាចឲ្យទៅទទួលការចាក់ថ្នាំបង្ការ។ លើសពីនេះទៅទៀត ក្រុមការងារបច្ចេកទេសន ក្រសួងទាំងពីរបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំបង្កើតផែនការសកម្មភាពពហុវិស័យស្ដីពី ការទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ក្នុងឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្រ្តសកល និងតំបន់។

 លោកស្រី បន្ថែមថា យុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ទូទាំងរាជធានីភ្នំពេញ គឺជាវិធានការដ៏ មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារទប់ស្កាត់ជំងឺឆ្កែឆ្កួត និងជាសកម្មភាព ដែលបានចាប់ផ្តើមអនុវត្តជាលើកទីមួយក្នុង ព្រះរាជាណាចក្រកម្ពុជាយើង។ ទន្ទឹមនឹងនេះផងដែរ យុទ្ធនាការនេះបានចុះអប់រំណែនាំ ផ្សព្វផ្សាយដល់សាធារណៈ ជនទាំងអស់ដើម្បីបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបទប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ការចូលរួមក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ ដ៏មានសារៈសំខាន់នាពេលនេះ។ 

ឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ បានឱ្យដឹងថា ពួកយើងគួររួមគ្នាទទួលស្គាល់ពីការព្រួយបារម្ភជាសកលមួយ ជុំវិញជំងឺឆ្កែឆ្កួត ដែលជាជំងឺមួយ ដែលផ្តល់ទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសត្វនៅក្នុងសកលលោក ដែលក្នុងនោះរួមមាន ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម បន្តទៀតថា «ភាពជោគជ័យ នៃការងារគ្រប់គ្រង ជំងឺឆ្កែឆ្កួត គឺអាចធ្វើទៅបាន ដោយអាស្រ័យទៅ លើការកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដោយមានការទទួលស្គាល់ថា បញ្ហាជំងឺឆ្កែឆ្កួត គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយផងដែរសម្រាប់កម្ពុជា»។

គួរបញ្ជាក់ផងដែរថា ជំងឺឆ្កែឆ្កួត គឺជា ជំងឺដ៏កាចសាហាវមួយ ដែលផ្តល់ផលប៉ះពាល់ដល់សត្វ និងប្រជាជន ក្នុងប្រទេសកម្ពុជា។ ជាង 99% នៃការស្លាប់ ដោយជំងឺឆ្កែឆ្កួត របស់មនុស្ស គឺបណ្តាល មកពីសត្វឆ្កែ ដែលមានជំងឺឆ្កែឆ្កួតខាំ ប៉ុន្តែតាមរយៈការចាក់វ៉ាក់សាំងបង្ការដល់សត្វឆ្កែ ពួកយើងអាចលុបបំបាត់ជំងឺនេះ និងជួយសង្គ្រោះជីវិតមនុស្សបាន។

ចាប់ពីថ្ងៃទី 22 ខែ ឧសភា ដល់ថ្ងៃទី 2 ខែមិថុនា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយនឹងអង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ក៏ដូចជាដៃគូក្នុងស្រុកផ្សេងៗ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែដោយឥតគិតថ្លៃនៅទូទាំងរាជធានីភ្នំពេញ ៕