លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​​ អញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួម​ក្នុង​ពីធី​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះគ្រួសារសព លោកព្រឹន្ទបាលទោ ខាន សុខលី​​ សិក្ខាកាមវគ្គយន្តការីជំនាន់ទី២៥ សាលាភស្ដុភារ និងដឹកជញ្ជូន ដែលបានទទួលមរណភាពដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (ពេលសុំច្បាប់សម្រាកមកផ្ទះ)

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាង​មុឺងម៉ាត់​ប្រកបដោយ​គុណធម៌​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​​​​​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទសេ និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួម​ក្នុង​ពីធី​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះគ្រួសារសព លោកព្រឹន្ទបាលទោ ខាន សុខលី​​​​ មុខងារ យុទ្ធជនក្រុមទី៣ អនុសនា តូចប្រតិបត្តិការចល័តទី១ កងអនុសេនាធំកងរាជអាវុធហត្ថចល័តកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បច្ចុប្បន្នជា សិក្ខាកាមវគ្គយន្តការីជំនាន់ទី២៥ សាលាភស្ដុភារ និងដឹកជញ្ជូន ដែលបានទទួលមរណភាពដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (ពេលសុំច្បាប់សម្រាកមកផ្ទះ) កាលពីថ្ងៃចន្ទ​ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៣.០០នាទី ទាបភ្លឺ ក្នុងជន្មាយុ២២ឆ្នាំ បច្ចុប្បន្នសពតម្កល់ដើម្បីធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅគេហដ្ឋានស្ថិតនៅភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ ក៏បាននាំយកជាបច្ច័យ​ក្នុងការចូលរួមបុណ្យចំនួន ២,០០០,០០០រៀល (ពីរលានរៀល)និងសម្ភារៈមួយចំនួនរួមមាន(អង្ករចំនួន៤បេ,ទឹកក្រូ ចំនួន០៤កេស, ទឹកបរិសុទ្ធចំនួន ០៤កេសថែមទៀតផងដែរ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ ក៏បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោកព្រឹន្ទបាលទោ ខាន សុខលី​​​​ គឺជាការបាត់បង់នូវកូន ​បងប្រុស​ ជា​ទីស្រឡាញ់​ និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនញាតិមិត្ត​​ ព្រមទាំងក្រុមគ្រួសារទាំងមូល។ ជាពិសេសចំពោះការលាចាកលោកព្រឹន្ទបាលទោ ខាន សុខលី​​​​ ដែលជាមន្ត្រីរាជការបំរើការងារយ៉ាងសកម្ម មានសមត្ថភាព និងបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍន៍​​​កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលកន្លងមក។ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលទោ ខាន សុខលី​​​​ សូមបានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕