ឯកឧត្តម កឹម គុណវឌ្ឍន៍៖ ការទូតព័ត៌មានកាន់តែមានសារៈសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងការពារផលប្រយោជន៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងបរិបទសកលភាវូបនីយកម្ម ការប្រកួតប្រជែងភូមិសា ស្ត្រនយោបាយ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល វិស័យព័ត៌មានកំពុងមានតួនាទីកាន់តែសំខាន់ក្នុងនាមជាអំណាចទន់ (Soft Power) និងជាឧបករណ៍នៃការទូតព័ត៌មាន (Information Diplomacy) ដើម្បីផ្សព្វផ្សាយការពិតអំពីកម្ពុជា លើកកម្ពស់កិត្យានុភាពជាតិ និងការពារផលប្រយោជន៍ជាតិ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត» ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មានមិនត្រឹមតែមានតួនាទីក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងលំហូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតួអង្គសំខាន់ក្នុងការពង្រឹងការទូតព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានអំពីកម្ពុជា ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី អាស៊ាន និងសកលលោក។

ក្នុងបរិបទនេះ មន្ត្រីរាជការដែលទទួលបន្ទុកការងារអន្តរជាតិ ត្រូវផ្លាស់ប្តូរពីការអនុវត្តការងារតាមបែបប្រពៃណី មកពង្រឹងជំនាញការទូត ការចរចា ការតាក់តែងកិច្ចព្រមព្រៀង និងការប្រាស្រ័យទាក់ទងអន្តរជាតិ ព្រមទាំងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពមន្ត្រីរាជការ ជាកត្តាសំខាន់សម្រាប់ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការឆ្លើយតបទៅនឹងបរិបទអន្តរជាតិដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ផ្តោតលើការផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង តាមរយៈការពិភាក្សាករណីសិក្សា ការអនុវត្តការចរចា និងការព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាក្រុម ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងផ្តល់មូលដ្ឋានសម្រាប់យកទៅអនុវត្តក្នុងការងារជាក់ស្តែង។

ឯកឧត្តម កឹម គុណវឌ្ឍន៍ ក៏បានអំពាវនាវឱ្យសិក្ខាកាមបន្តស្វ័យសិក្សា ពង្រឹងភាសាបរទេស តាមដានការវិវត្តនៃសភាពការណ៍អន្តរជាតិ និងយកចំណេះដឹងដែលទទួលបានទៅអនុវត្ត ដើម្បីក្លាយជាមន្ត្រីបង្គោលប្រកបដោយវិជ្ជាជីវៈ និងរួមចំណែកពង្រឹងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ក្រសួងព័ត៌មាន៕