លោកជំទាវ ទេស ផល្លីន៖ ការពង្រឹងធនធានមនុស្ស គឺជាកាតាលីករនៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារវិស័យព័ត៌មាន
ភ្នំពេញ៖ ការពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងាររបស់វិស័យព័ត៌មាន ជាពិសេសនៅក្នុងបរិបទដែលការទូតព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលកំពុងមានតួនាទីកាន់តែសំខាន់។
នេះជាការលើកឡើងរបស់លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន ក្នុងពិធីបើកវគ្គសិក្សាស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត» នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំឡើងសម្រាប់មន្ត្រីរាជការចំនួន ៨២ រូប មកពីអង្គភាពនានាចំណុះក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមជាវាគ្មិនពីឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកជំទាវ ទេស ផល្លីន បានបញ្ជាក់ថា ការរៀបចំវគ្គសិក្សានេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីវិជ្ជាជីវៈ ព្រមទាំងបង្កើតភាពជាដៃគូប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព។
លោកជំទាវបានលើកឡើងថា នៅក្នុងបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល វិស័យព័ត៌មានមិនត្រឹមតែមានតួនាទីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាឧបករណ៍ការទូតដ៏មានឥទ្ធិពល ក្នុងការការពារ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ដោយហេតុនេះ លោកជំទាវបានសង្កត់ធ្ងន់ថា មន្ត្រីរាជការក្រសួងព័ត៌មានចាំបាច់ត្រូវបន្តពង្រឹងចំណេះដឹង និងជំនាញលើការទូតព័ត៌មាន ពិធីសារការទូត ការគ្រប់គ្រងលំហូរព័ត៌មាន និងការងារទំនាក់ទំនងអន្តរជាតិ ដើម្បីអាចបំពេញតួនាទីបានកាន់តែមានប្រសិទ្ធភាព ក្នុងព្រឹត្តិការណ៍ និងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ លោកជំទាវ ទេស ផល្លីន បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពចរចា និងការតាក់តែងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយសារកិច្ចសហប្រតិបត្តិការរបស់ក្រសួងព័ត៌មានកាន់តែពង្រីកទាំងក្នុងក្របខណ្ឌទ្វេភាគី អាស៊ាន និងអង្គការអន្តរជាតិ។
លោកជំទាវបានឱ្យដឹងថា វគ្គសិក្សានេះមិនផ្តោតត្រឹមតែការផ្តល់ទ្រឹស្តីនោះទេ ប៉ុន្តែថែមទាំងរៀបចំឱ្យមានការធ្វើតេស្តស្ទង់សមត្ថភាពមុន និងក្រោយបញ្ចប់ការសិក្សា វេទិកាពិភាក្សា និងសិក្ខាសាលាអនុវត្តជាក់ស្តែងជាក្រុម ដើម្បីឱ្យសិក្ខាកាមអាចបង្កើនទាំងចំណេះដឹង និងជំនាញអនុវត្ត។
លោកជំទាវ ទេស ផល្លីន បានបង្ហាញជំនឿថា តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញ សិក្ខាកាមទាំង ៨២ រូប នឹងទទួលបានវិធីសាស្ត្រ និងបច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាមន្ត្រីបង្គោលដែលមានវិជ្ជាជីវៈ និងភាពម្ចាស់ការខ្ពស់ ក្នុងការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកជំទាវក៏បានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្សា ជាពិសេសតាមរយៈការលើកជាសំណួរ និងការពិភាក្សាជាមួយវាគ្មិនជំនាញ ដើម្បីទាញយកបទពិសោធន៍ និងចំណេះដឹងដែលអាចយកទៅអនុវត្តក្នុងការងារជាក់ស្តែង៕



