សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា រៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដែលបានបញ្ចាប់ការសិក្សា ឆ្នាំ២០២៥-ឆ្នាំ២០២៦

និស្សិតជ័យលាភី បានបញ្ចាប់ការសិក្សា ឆ្នាំ២០២៥-ឆ្នាំ២០២៦ សរុប៩៨៨នាក់ របស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងនោះកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៣៣នាក់ ថ្នាក់បរិញ្ញាបត្រចំនួន៧០១នាក់ និងថ្នាក់បរិញ្ញាបត្ររងចំនួន ២៥៤នាក់ បានទទួលសញ្ញាបត្របញ្ចាប់ការសិក្សា ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

បើតាមរបាយការណ៍របស់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួលបាននិស្សិតចុះឈ្មោះចូលសិក្សា ១០ជំនាន់ មាននិស្សិតសរុប ១០,៩៤៥នាក់។ និស្សិតកំពុងបន្តការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មាន១២៣ថ្នាក់ និស្សិតសរុប ៤,៧៩៩នាក់។ និស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្ររង ៧ជំនាន់ មានចំនួន ៨២៣នាក់, បរិញ្ញាបត្រ ៦ ជំនាន់ មានចំនួន ២,១៤៣នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៤ជំនាន់ និស្សិតចំនួន ១០៩នាក់។ និស្សិតបញ្ចប់ការសិក្សាមានចំនួន ៣,០៧៥នាក់។

ស្ថានភាពនិស្សិតក្រោយបញ្ចប់ការសិក្សា មានការងារធ្វើចំនួន ២,៥១៦នាក់។ លទ្ធផលនេះ បង្ហាញពីឧត្តមភាព និងភាពជោគជ័យនៅក្នុងអាជីពរបស់និស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានអត្រាទទួលបានការងារធ្វើ ៩៤.៧៤% និង៩៨.៥៥%។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះ ធនាគារអេស៊ីលីដា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលបានវិវត្តខ្លួនពីអង្គការក្រៅរដ្ឋាភិបាល ផ្នែកមីក្រូហិរញ្ញវត្ថុ រហូតក្លាយជាធនាគារពាណិជ្ជដ៏ធំ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តម បន្ថែមថា ការអភិវឌ្ឍធនធានមនុស្ស និងយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ការបណ្តុះបណ្តាលធនធានមនុស្សរបស់ សាកលវិទ្យាល័យ គឺឆ្លើយតបយ៉ាងស៊ីសង្វាក់ ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការលើកកម្ពស់គុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ធនធានមនុស្ស គឺជាកត្តាសម្រេចអនាគតប្រទេសជាតិ។ ប្រទេសដែលខ្វះខាតធនធានធម្មជាតិ ក៏នៅតែអាចអភិវឌ្ឍបានឆាប់រហ័ស ប្រសិនបើមានធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ដូចជា ជប៉ុន សិង្ហបុរី និងហុងកុងជាដើម។

ឯកឧត្តម សង្កត់ធ្ងន់ទៀតថា ប្រព័ន្ធហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍ ប្រទេសជាតិ ការផ្តល់ហិរញ្ញប្បទានសម្រាប់សេដ្ឋកិច្ចជាតិ ហើយដែលបានចូលរួមចំណែក នៅក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជា នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ម្យ៉ាងវិញទៀត ចំពោះការចូលរួម របស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាការលើកកម្ពស់ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមគ្រប់វិស័យ ជាពិសេសតាមរយៈ កាបណ្តុះបណ្តាលធនធានមនុស្ស រួមទាំង ការលើកកម្ពស់ ការអភិវឌ្ឍ ផ្នែកវិទ្យាសាស្ត្រ ក៏ដូចជា បច្ចេកវិទ្យាឌីជីថល ផងដែរ។