ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកម្មវិធី Football Clinic

បន្ទាប់ពី បញ្ចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកម្មវិធី Football Clinic ក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យកីឡា ព្រមទាំងផ្តល់ឱកាសដល់កុមារ និងយុវជនដែលស្រឡាញ់កីឡា បានសិក្សា ស្វែងយល់ និងទទួលការបង្ហាត់បង្ហាញពីមូលដ្ឋានគ្រឹះនៃបាល់ទាត់ និងបច្ចេកទេសនៃកីឡា។

ជាពិសេស ប្អូនៗបានជួប និងចូលរួមលេងជាមួយអតីតកីឡាករជម្រើសជាតិ និងកីឡាករអាជីពជាច្រើនរូប ដែលជាឱកាសសម្រាប់ប្អូនៗក្នុងការស្វែងយល់ រៀនសូត្រ និងទទួលបានការលើកទឹកចិត្តពីអ្នកមានបទពិសោធន៍ក្នុងវិស័យកីឡា។ ក្នុងនោះក្រុមការងារក៏បាននាំយកនូវសម្ភារៈសិក្សាមួយចំនួន ដើម្បីប្រគល់ជូនសិស្សានុសិស្សនៅភូមិរង់ចាំ ដែលជាការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់ពួកគាត់ផងដែរ។

ជាចុងក្រោយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នានា តាមរយៈក្រុមកីឡាបាល់ទាត់ ស.ស.យ.ក. អលស្ដារ កន្លងមក។ ការចូលរួមទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលការលំបាក និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តា «ភូមិរង់ចាំ» ដែលកំពុងប្រឈមនឹងការលំបាក និងត្រូវការការគាំទ្រជាបន្តបន្ទាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខុមាលភាព និងជីវភាពរស់នៅ ៕