ឯកឧត្តម ឈួរ សុបញ្ញា: ការដឹងគុណ គឺជាគុណតម្លៃសីលធម៌ដែលធ្វើឱ្យមនុស្សមិនភ្លេចអ្នកមានគុណ និងចេះបន្តអំពើល្អពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយ
ខេត្តកំពង់ស្ពឺ- នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់ រាំង សហការជាមួុយរដ្ឋបាលឃុំកណ្តោលជ្រុំបានរៀបចំកម្មវិធីសំណេះសំណាល និងរំលឹកគុណថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក កោសា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្ត ជនស្រុកសាមគ្គីមុនីជ័យ។កម្មវិធីបានប្រព្រឹត្តទៅក្នុងបរិយាកា សប្រកបដោយភាពកក់ក្តៅ សាមគ្គីភាព និងមនោសញ្ចេតនា ព្រមទាំងមានពិធី ខមាទោស រំលឹកគុណ និងប្រោះព្រំពរជ័យ ជូនថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន សរុបប្រមាណ ២៥០រូប។
ក្នុងឱកាសនេះ លោក មោគ ឌឹម មេឃុំដំណាក់រាំង បានលើក ឡើងពីសារៈសំខាន់នៃការគោរព និងរំលឹកគុណចំពោះ អ្នកជំនាន់មុន ចាស់ព្រឹទ្ធាចារ្យ អតីតមន្ត្រីរាជការស៊ីវិល និងអតីត យុទ្ធជន ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងពេលវេលា ដើម្បីបម្រើប្រជាពលរដ្ឋ និងកសាងមូលដ្ឋាន។ ការដឹងគុណមិនគួរបញ្ចប់ត្រឹមពិធី ឬអំណោយទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈការគោរព ការយកចិត្តទុកដាក់ ការរៀនសូត្រពីបទពិសោធន៍ និងការបន្តអំពើល្អ។ ជាពិសេស លោកបានអំពាវនាវដល់ យុវជន និងអ្នកបន្តវេន ឱ្យចេះគោរពអ្នកជំនាន់មុន យកបទពិសោធន៍ធ្វើជាមេរៀន បំពេញតួនាទីដោយការទទួលខុសត្រូវ និងខិតខំបន្សល់ទុកស្នាដៃល្អសម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានលើកឡើងថា : ការដឹងគុណ គឺជាគុណតម្លៃសីលធម៌ដែលធ្វើឱ្យមនុស្សមិនភ្លេចអ្នកមាន គុណនិងចេះបន្តអំពើល្អពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយ» ។ ការរំលឹកគុណ មិនមែនគ្រាន់តែជាការរំលឹកអតីតកាលទេ ប៉ុន្តែជាការបង្ហាញពីការគោរព ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត បន្តស្នាដៃ បទពិសោធន៍ និងគុណតម្លៃល្អៗ ដែលអ្នកជំនាន់មុនបានបន្សល់ទុក។ អ្នកជំនាន់ក្រោយត្រូវចេះរៀនសូត្រពីអ្នកជំនាន់មុន បន្តអំពើល្អ និងខិតខំបំពេញតួនាទីដោយស្មារតីទទួលខុសត្រូវ ដើម្បីឱ្យគុណតម្លៃនៃ កតញ្ញុតា កតវេទី និងការបន្តវេន ក្លាយជាមរតកដ៏មានតម្លៃសម្រាប់សង្គម។ អត្ថន័យពិតនៃ «ការបន្តវេន»៖ មិនមែនគ្រាន់តែទទួលតួនាទីពីអ្នកជំនាន់មុនទេ ប៉ុន្តែត្រូវ ទទួលខុសត្រូវ បន្តគុណតម្លៃ បង្កើតស្នាដៃ និងបន្សល់ទុកមរតកល្អ។ក្នុងឱកាសនោះផងដែរ ខ្ញុំក៏បានអំពាវនាវដល់ យុវជនគ្រប់រូប ឱ្យចងចាំថា៖ អ្វីដែលយើងកំពុងមាននៅថ្ងៃនេះ គឺជាផលនៃការខិតខំ លះបង់ និងការតស៊ូរបស់អ្នកជំនាន់មុន។ ដូច្នេះ ការដឹងគុណ មិនគួរបញ្ចប់ត្រឹមការគោរព ឬពាក្យសរសើរទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈសកម្មភាពរបស់យើង។ សូមកុំឱ្យយុវជនគ្រាន់តែទទួលមរតកពីអ្នកជំនាន់មុន ប៉ុន្តែត្រូវខិតខំបង្កើតមរតកថ្មីសម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តម អ៊ុក កោសា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនស្រុកសាមគ្គីមុនីជ័យ បានសម្តែងការកោតសរ សើរចំពោះក្រុមការងារ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ក្នុងស្មារតី គោរព ដឹងគុណ និងរំលឹកគុណចំពោះអ្នកជំនាន់មុន ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបទពិសោធន៍ ដើម្បីបម្រើប្រជាពលរដ្ឋ និងចូលរួមកសាងមូលដ្ឋាន។ ឯកឧត្តមបានលើកទឹកចិត្តដល់ អ្នកបន្តវេន និងយុវជន ឱ្យចេះគោរព និងរៀនសូត្រពីបទពិសោធន៍របស់អ្នកជំនាន់មុន បន្តថែរក្សាសាមគ្គីភាព ឯកភាព និងស្មារតីរួមគ្នា ព្រមទាំងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ និងរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយនេះ ឯកឧត្តមបានអំពាវនាវដល់ អ្នកបន្តវេនគ្រប់រូប ឱ្យកុំមើលការបន្តវេនជាត្រឹមការទទួលតួនាទី ឬភារកិច្ចប៉ុណ្ណោះ ប៉ុន្តែត្រូវចាត់ទុកថា ជា ការទទួលមរតកនៃការលះបង់ បទពិសោធន៍ និងការទទួលខុសត្រូវ ពីអ្នកជំនាន់មុន។ អ្នកបន្តវេនត្រូវខិតខំរៀនសូត្រ រក្សាអ្វីដែលល្អ បំពេញអ្វីដែលខ្វះ និងបង្កើតស្នាដៃថ្មីៗ ដើម្បីឱ្យការខិតខំរបស់អ្នកជំនាន់មុនមានតម្លៃបន្តទៅមុខ។



