ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា ក្រាបបង្គំគាល់សម្ដែងការគួរសម សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ ម៉ា ចូលក្រាបបង្គំគាល់និងសម្ដែងការគួរសម សម្ដេចព្រះមហា សង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យា ល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី នាវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ ។
ក្នុងពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍នាឱកាសនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសិស្សនិស្សិតយ៉ាងច្រើនកុះករ ។
នាឱកាសដ៏ថ្លៃថ្លានេះ សម្តេចជាអម្ចាស់ បានយាងប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានា ធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូអមដំណើរ សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចបន្ថែមទៀត ។
សម្ដេចព្រះមហាសង្ឃរាជ ទ្រង់សព្វព្រះរាជហឫទ័យស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានមានព្រះរាជបន្ទូលអំពីវឌ្ឍនភាពនៃការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងសមិទ្ធផលសំខាន់ៗរបស់ពុទ្ធិកសាកលវិទ្យា ល័យព្រះសីហមុនីរាជា ជាពិសេសការផ្តល់អាហារូបករណ៍ពេញលេញ ១០០% ដល់សមណនិស្សិត និងនិស្សិតមកពីគ្រប់មជ្ឈដ្ឋានដោយមិនមានការរើសអើង ការផ្តល់អន្តេវាសិកដ្ឋានសម្រាប់ស្នាក់នៅ ព្រមទាំងមានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី សម្រាប់ផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទទួលបានការអប់រំប្រកបដោយសមធម៌ ការលើកកម្ពស់សុខមាលភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពនៅកម្ពុជា។
លើសពីនេះទៀត សម្តេចជាអម្ចាស់ ទ្រង់បានមានព្រះបន្ទូល ពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រជាជាតិទាំងពីរ និងបន្តរួមកិច្ចសហប្រតិបត្តិការស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ លើវិស័យព្រះពុទ្ធសាសនារវាងប្រទេសទាំពីរ តាមរយៈគម្រោងសាង សង់វត្តអារាមកម្ពុជា នៅរដ្ឋធានីណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា និងការសាងសង់អគារសន្តិភាពអន្តរជាតិកម្ពុជា-មីយ៉ាន់ម៉ា នៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ដែលគ្រោងនឹងបញ្ចប់ក្នុងខែ មករា ឆ្នាំ២០២៧។
ក្នុងឱកាសនោះ សម្តេចជាអម្ចាស់ ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ និងគណៈប្រតិភូក៏បានយាង និមន្ត និងអញ្ជើញទស្សនាហេដ្ឋា រចនាសម្ព័ន្ធ ព្រមទាំងសមិទ្ធផលនៃការរីកចម្រើននានារបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មួយចំនួនរួមមាន៖ អគារព្រះករុណា ព្រះមហាក្សត្រសីហមុនី (កំពស់៣ជាន់), អគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា (កំពស់ ៩ជាន់), អគារអន្តេវាសិកដ្ឋាន តេជោសន្តិភាព (កំពស់ ៥ជាន់), ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុ ណាព្រះមហាក្សត្រ សីហមុនី និងអគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាព (កំពស់៧ជាន់ ដែលកំពុងសាងសង់) ។
ជាមួយគ្នានេះ គណៈប្រតិភូបានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ព្រះពុទ្ធសាសនានៅកម្ពុជា ពិសេសទឹកព្រះទ័យដ៏ថ្លៃថ្លារបស់សម្ដេចជាអម្ចាស់ លើវិស័យអប់រំថ្នាក់ឧត្តមសិក្សា ក្នុងការបំពេញព្រះរាជកិច្ចដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្តល់នូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គម ៕



