ប្រតិភូខេត្តព្រះសីហនុ ចុះសិក្សាស្វែងយល់បច្ចេកវិទ្យាចម្រោះទឹកកខ្វក់កម្រិតខ្ពស់ ZLD នៅទីក្រុងក្វាងចូវ ប្រទេសចិន

ទីក្រុងក្វាងចូវ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការប្រព័ន្ធចម្រោះទឹកកខ្វក់បច្ចេកវិទ្យាទំនើប របស់ក្រុមហ៊ុន Guangdong Xianneng Environmental Technology Co., Ltd ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានឧស្សាហកម្ម Yongheng Webbing and Dyeing នាទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានផ្តោតការយកចិត្តទុកដាក់សិក្សាស្វែងយល់យ៉ាងស៊ីជម្រៅលើប្រព័ន្ធចម្រោះទឹកកខ្វក់កម្រិតខ្ពស់ ដែលបំពាក់នូវបច្ចេកវិទ្យា MBR (Membrane Bioreactor) និង RO (Reverse Osmosis)។ បច្ចេកវិទ្យានេះត្រូវបានប្រតិបត្តិការឡើងស្របតាមគោលការណ៍ «សេដ្ឋកិច្ចវិលជុំ» (Circular Economy) ដោយមានសមត្ថភាពចម្រោះ និងបង្វិលទឹកដែលប្រើប្រាស់រួច យកទៅប្រកបក្នុងសង្វាក់ផលិតកម្មឡើងវិញ។
ការអនុវត្តប្រព័ន្ធ MBR និង RO នេះ មិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញសំណល់រាវទៅក្នុងប្រភពទឹកធម្មជាតិឱ្យនៅកម្រិតសូន្យ (Zero Liquid Discharge – ZLD) ប្រកបដោយនិរន្តរភាពបរិស្ថាន និងទំនួលខុសត្រូវខ្ពស់៕

អត្ថបទ៖ ម៉ារ៉ាឌី