អ.វ.ត.ក. ពង្រឹងចំណេះដឹងមគ្គុទ្ទេសក៍ទេសចរកម្ពុជា អំពីយុត្តិធម៌អន្តរកាល និងកេរដំណែល
នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំសិក្ខាសាលាស្តីពី “យុត្តិធម៌អន្តរកាល៖ សមិទ្ធផល និងកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” ជូនមគ្គុទ្ទេសក៍ទេសចរកម្ពុជាចំនួន ៤៥រូប នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរកម្ពុជា ក្នុងការបកស្រាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម យុត្តិធម៌អន្តរកាល ដំណើរការជំនុំជម្រះក្តី និងកេរដំណែលរបស់ អ.វ.ត.ក. ប្រកបដោយសុចរិតភាព ការទទួលខុសត្រូវ និងផ្អែកលើការពិត និងភស្តុតាង។
ក្នុងពិធីសិក្ខាសាលា ឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរកម្ពុជា មានសារៈសំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រ និងកេរដំណែលនៃយុត្តិធម៌ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ថា ការបកស្រាយអំពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្ររបបខ្មែរក្រហម និងដំណើរការយុត្តិធម៌ ត្រូវធ្វើឡើងដោយផ្អែកលើការពិត និងភស្តុតាង ដើម្បីធានាថាព័ត៌មានដែលត្រូវបានចែករំលែកមានភាពត្រឹមត្រូវ និងមានការទទួលខុសត្រូវ។
ឯកឧត្តមបានបន្ថែមថា ប្រធានបទនៃសិក្ខាសាលានេះមានសារៈសំខាន់ក្នុងការរួមចំណែករក្សាការពិត គោរពដល់ជនរងគ្រោះ និងធានាថាមេរៀនពីអតីតកាលមិនត្រូវបានបាត់បង់ ឬបំភ្លៃសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងអំឡុងពេលសិក្ខាសាលា សិក្ខាកាមបានសិក្សាអំពីបរិបទប្រវត្តិសាស្ត្រ និងផលប៉ះពាល់នៃរបបខ្មែរក្រហម អាណត្តិ និងសំណុំរឿងរបស់ អ.វ.ត.ក. ការចូលរួមរបស់ជនរងគ្រោះ ក្របខ័ណ្ឌសំណង ការអនុវត្តមុខងារសេសសល់ ព្រមទាំងការថែរក្សា និងផ្សព្វផ្សាយកេរដំណែលរបស់ អ.វ.ត.ក.។
ក្នុងកម្មវិធីពេញមួយថ្ងៃនេះ សិក្ខាកាមទាំងអស់បានទស្សនាសមាសភាពសំខាន់នៅក្នុងមជ្ឈមណ្ឌលធនធានដែលមានដូចជាសាលតាំងពិព័រណ៍អចិន្ត្រៃយ៍ «សាលាយុត្តិការ» ឧទ្យានសម្រាប់ការចងចាំ បណ្ណសារដ្ឋាន បណ្ណាល័យ និងមជ្ឈមណ្ឌលធនធានចល័តរបស់ អ.វ.ត.ក. ដើម្បីស្វែងយល់កាន់តែច្បាស់អំពីធនធាន និងសកម្មភាពនានាដែលពាក់ព័ន្ធនឹងការអប់រំ និងការចងចាំប្រវត្តិសាស្ត្រ។
តាមរយ:សិក្ខាសាលានេះ មគ្គុទ្ទេសក៍ទាំងអស់ក៏បានយល់ច្បាស់ពីការបែងចែកដាច់រវាង ការពិត ការបកស្រាយ និងមតិយោបល់ ព្រមទាំងការយល់ដឹងអំពីច្បាប់ស្តីពីការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សូមជម្រាបថា នេះជាលើកទីពីរហើយដែល អ.វ.ត.ក. បានរៀបចំសិក្ខាសាលាសម្រាប់មគ្គុទ្ទេសក៍ទេសចរកម្ពុជា។ សិក្ខាសាលាលើកទី១ បានរៀបចំឡើងកាលពីចុងខែសីហា ឆ្នាំ២០២៦ កន្លងទៅ ដែលមានមគ្គុទ្ទេសក៍ទេសចរចូលរួមចំនួន ៤៥រូបដូចគ្នា។



