ឆ្នាំ២០២៦ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើសុំចុះបញ្ជីQIP ចំនួន១៨ គម្រោងនិងមានទុនវិនិយោគសរុបប្រមាណ ៤៩លានដុល្លារអាមេរិក
នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះដែលមានទីតាំងនៅក្នុងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានស្វែងយល់លម្អិត និងដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនបានជួបប្រទះ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ សម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។
ជាមួយគ្នានឹងការជំរុញឱ្យអ្នកវិនិយោគដែលមានស្រាប់ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃ ឱ្យងាកមកបណ្តាក់ទុននៅខេត្តព្រះសីហនុ លោកអភិបាលរងក៏បានសំណូមពរឱ្យតំណាងក្រុមហ៊ុនផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ
ហើយត្រូវគិតគួរឱ្យបានគត់មត់ចំពោះបញ្ហាបរិស្ថាន និងសង្គមដែលអាចមានកើតឡើង។
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើសុំចុះបញ្ជីQIP ចំនួន ១៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៩លានដុល្លារអាមេរិក។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ



