ការប្រឆាំងនឹងអំពើភេរវ​កម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហែសរបស់ខ្លួនឯង

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីអនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ.។

គោលបំណង នៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើការពង្រឹងយល់ដឹងពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ល.គ.ជ.ប.ភ.និងគណៈបញ្ជាការឯកភាពក្រុង ស្រុកដើម្បីរក្សាភាពរលូនក្នុងការប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ តាមរយៈការយល់ដឹងពីការកំណត់នូវតួនាទីឲ្យច្បាស់លាស់ និងបង្កើនប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហាភេរវកម្មដែលអាចកើតមានឡើង។

ថ្លែងក្នុងសុន្ទរកថាបើក លោកអភិបាលរងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបានលើកឡើងថា៖ សន្តិសុខមិនមែនជាលទ្ធផល នៃការឆ្លើយតបក្រោយហេតុការណ៍ទេ តែជាសមត្ថភាពក្នុងការមើលឃើញនិងបង្ការហានិភ័យមុនពេលក្លាយជាវិបត្តិ។ ក្នុងពេលដែលបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មមានការវិវត្តយ៉ាងខ្លាំង ការត្រៀមខ្លួនរបស់អាជ្ញាធរមូលដ្ឋាន គឺជាកត្តាសម្រេចភាពរឹងមាំរបស់ប្រទេសជាតិ។ 

ជាមួយគ្នានោះ លោកក៏បានរំលឹកនូវប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​​ជាតិប្រឆាំងភេរវកម្មថា «ការប្រឆាំងនឹងអំពើភេរវ​កម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហែសរបស់ខ្លួនឯង»។

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ