កិច្ចប្រជុំចង្អៀត (AHMM Retreat) ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
ទីក្រុងគូឡាឡាំពួ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត (AHMM Retreat) ដែលផ្តោតលើការពិភាក្សាស៊ីជម្រៅលើប្រធានបទ «ការលុបបំបាត់របាំងធ្វើការដាច់ដោយឡែកពីគ្នា និងការបង្កើតកម្លាំងសរុប៖ កិច្ចប្រជុំយុទ្ធសាស្ត្រស្តីពីការរៀបចំទិសដៅឆ្លើយតបនឹងបន្ទុកទ្វេដងនៃជំងឺឆ្លង និងជំងឺមិនឆ្លងរបស់អាស៊ាន» ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម Datuk Seri Dr. Haji Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំ AHMM លើកទី១៧ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការរងអាស៊ាន។
នៅក្នុងមតិអន្តរាគមន៍នៃកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានរំលេចអំពីបញ្ហាប្រឈមនៃរចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ដែលនៅតែមានភាពដាច់ដោយឡែកពីគ្នា (Silos) និងស្នើឱ្យប្រែក្លាយប្រព័ន្ធសុខាភិបាលទៅជា «ការគិតបែបប្រព័ន្ធ (Systems Thinking)»។ ដើម្បីដោះស្រាយកិច្ចការប្រឈមនេះ និងឈានទប់ទល់ការកើនឡើងយ៉ាងឆាប់រហ័សនៃជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ ឯកឧត្តមសាស្ត្រាចារ្យ បានចែករំលែកនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ចំណុច៖១. អនុវត្តទម្រង់ថែទាំតាមបែបបរិយាបន្ន និងបង្ការជាមុន ២. ពន្លឿនការប្រើប្រាស់ប្រព័ន្ធសុខាភិបាលឌីជីថល ៣. ពង្រឹងភាពជាអ្នកដឹកនាំក្នុងការតម្រង់ទិសគោលដៅរួម ៤. អភិវឌ្ឍការបណ្តុះបណ្តាលមន្ត្រីសុខាភិបាលបែបពហុជំនាញ ៥. ពង្រឹងសេវាសុខាភិបាលបឋម និងកាត់បន្ថយភាពផ្ទុយគ្នានៃហិរញ្ញប្បទាន ៦. ពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ និងក្របខ័ណ្ឌច្បាប់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការលុបបំបាត់របាំងដែលធ្វើការដាច់ដោយឡែកពីគ្នា គឺដើម្បីកសាងបាននូវប្រព័ន្ធសុខាភិបាលដែលមានការតភ្ជាប់គ្នាតែមួយ ដោយតម្កល់តម្រូវការរបស់អ្នកជំងឺជាស្នូលកណ្តាល (patient-centered care) និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំបានបញ្ចប់ ដោយទទួលបានធាតុចូលជាយុទ្ធសាស្ត្រសំខាន់ៗក្នុងការលើកកម្ពស់សុខុមាលភាពតំបន់អាស៊ាន។



