ឯកអគ្គរដ្ឋទូតឥណ្ឌា៖ វគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នៅញូវដែលី នឹងរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា ប៊ែវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសម្តែងសេចក្តីរីករាយចំពោះការរៀបចំវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី (Certificate Course in New Age Media & IT)» សម្រាប់មន្ត្រីក្រសួងព័ត៌មានកម្ពុជាចំនួន ១៥រូប ដែលនឹងធ្វើដំណើរទៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមវគ្គសិក្សារយៈពេលពីរសប្តាហ៍។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានឱ្យដឹងថា វគ្គសិក្សានេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រកម្រិតខ្ពស់ (CDAC) ដោយសហការរៀបចំដោយ CDAC និង វិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (IICS) ដែលជាស្ថាប័នឈានមុខរបស់ឥណ្ឌាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងជំនាញច្នៃប្រឌិត។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌានេះ ធ្វើឡើងក្នុងពិធីជូនដំណើរមន្ត្រីក្រសួងព័ត៌មានចំនួន ១៥រូប មុនពេលចេញដំណើរទៅចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) គឺជាកម្មវិធីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់រដ្ឋាភិបាលឥណ្ឌា។ ចាប់តាំងពីឆ្នាំ១៩៨១មក មន្ត្រីកម្ពុជាជិត ៣.០០០រូបបានចូលរួមវគ្គសិក្សា និងកម្មវិធីបណ្តុះបណ្តាលក្រោមកម្មវិធីនេះ ខណៈឥណ្ឌាបានផ្តល់កន្លែងបណ្តុះបណ្តាលប្រមាណ ៣០០កន្លែងជារៀងរាល់ឆ្នាំសម្រាប់មន្ត្រីកម្ពុជា ក្នុងចំណោមប្រទេសដៃគូជាង ១៦០ប្រទេស។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានចាត់ទុកការរៀបចំវគ្គសិក្សាពិសេសសម្រាប់មន្ត្រីក្រសួងព័ត៌មានកម្ពុជា ជាឱកាសដ៏មានតម្លៃ ព្រោះវគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ភាគីកម្ពុជា។
ឯកឧត្តមបានរំឭកថា ប្រមាណមួយឆ្នាំមុន លោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅស្ថានទូតឥណ្ឌា អំពីលទ្ធភាពរៀបចំវគ្គសិក្សាជំនាញសារព័ត៌មាន និងបច្ចេកវិទ្យាសម្រាប់មន្ត្រីក្រសួងព័ត៌មាន។ បន្ទាប់ពីការពិភាក្សានោះ សំណើត្រូវបានបញ្ជូនទៅក្រសួងការបរទេសឥណ្ឌា ហើយប្រមាណមួយឆ្នាំក្រោយ វគ្គសិក្សាពិសេសនេះត្រូវបានរៀបចំឡើង។
ពាក់ព័ន្ធនឹងការវិវត្តនៃវិស័យសារព័ត៌មាន ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសការរីកចម្រើននៃវេទិកាឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ទស្សនិកជននាពេលបច្ចុប្បន្នរំពឹងថានឹងទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងគួរឱ្យទុកចិត្ត ដែលទាមទារឱ្យអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានបន្តពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា។
សម្រាប់វគ្គសិក្សារយៈពេលពីរសប្តាហ៍នេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញជាក់ស្តែងពាក់ព័ន្ធនឹងការផលិតវីដេអូខ្លីៗដោយប្រើបច្ចេកវិទ្យា VFX ការកាត់តសំឡេង ការប្រើប្រាស់ WordPress បច្ចេកទេសសារព័ត៌មានផ្អែកលើទិន្នន័យ ការយល់ដឹងអំពីច្បាប់បច្ចេកវិទ្យាព័ត៌មាន និងច្បាប់ស្តីពីឯកជនភាព ព្រមទាំងទស្សនកិច្ចសិក្សានៅបន្ទប់ព័ត៌មាន ដើម្បីស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈ និងការផ្ទៀងផ្ទាត់ព័ត៌មាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា CDAC ក៏មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការអភិវឌ្ឍ និងបណ្តុះបណ្តាលផ្នែកសូហ្វវែរ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ នាពេលថ្មីៗនេះ អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ចំនួនពីរក្រុម ក៏បានចូលរួមវគ្គសិក្សានៅ CDAC លើជំនាញរៀនម៉ាស៊ីន (Machine Learning) និងវិភាគទិន្នន័យ (Data Analytics) ផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា មន្ត្រីកម្ពុជាទាំង ១៥រូប នឹងទទួលបានប្រយោជន៍ជាអតិបរមាពីវគ្គសិក្សានេះ និងអាចយកចំណេះដឹង បទពិសោធន៍ និងជំនាញដែលទទួលបានមកអនុវត្តក្នុងការងារ ព្រមទាំងចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់ស្ថាប័នរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ដោយលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង និងត្រូវបានពង្រឹងជាបន្តបន្ទាប់។
ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន ឱ្យចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជនកម្ពុជា ប្រជាជនឥណ្ឌា និងសាធារណជនអន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការពង្រីកការយល់ដឹង និងការចូលរួមរបស់ប្រជាជន ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕



