វេទិកាសាធារណៈស្ដីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៦” និងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) របស់ប្រទេសកម្ពុជា»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង វេទិកាសាធារណៈស្ដីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៦” និងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) របស់ប្រទេសកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងសាលារៀនរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។

ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា តែងរៀបចំវេទិកាសាធារណៈស្ដីពី ថវិកាអប់រំប្រចាំឆ្នាំ ក្នុងគោលបំណង ដើម្បី៖
១. បង្ហាញពីការបែងចែក ការគ្រប់គ្រង និងការប្រើប្រាស់ថវិកាជាតិក្នុងវិស័យអប់រំប្រកបដោយតម្លាភាព ជូនដល់សាធារណជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។
២. បង្ហាញពីទិសដៅអាទិភាព និងកំណែទម្រង់ (Strategic Priorities) តាមរយៈការផ្សព្វផ្សាយពីផែនការសកម្មភាព និងទិសដៅអាទិភាពគន្លឹះៗរបស់ក្រសួងក្នុងការប្រើប្រាស់ថវិកា ដើម្បីជួយគាំទ្រដល់ដំណើរការកែទម្រង់សាលារៀន ការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
៣. បង្កើតវេទិកាជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូល និងពង្រឹង «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍/ដៃគូ» ឱ្យកាន់តែរឹងមាំ។
៤. ផ្សព្វផ្សាយសមិទ្ធផលនៃកំណែទម្រង់ លទ្ធផលសិក្សា និងការវាយតម្លៃ (Evidence-based Planning) ដោយប្រើប្រាស់វេទិកានេះជាឱកាសក្នុងការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃសមត្ថភាពសិស្ស ដូចជា PISA ឬ SEA-PLM ដើម្បីភ្ជាប់ទំនាក់ទំនងរវាង «ការវិនិយោគថវិកា» ទៅនឹង «លទ្ធផល និងគុណភាពសិក្សារបស់សិស្ស» ជាក់ស្ដែង។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីដំណើរវិវត្តនៃកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ដែលបានឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ ដោយផ្ដើមចេញពីកំណែទម្រង់ដំណាក់កាលទី១ លើ ៨ចំណុចអាទិភាព និងឈានទៅដំណាក់កាលទី២ ក្នុងឆ្នាំ២០១៥ លើសសរស្ដម្ភចំនួន ៥ ដែលក្នុងនោះរួមមាន ការពង្រឹងគោលនយោបាយគ្រូបង្រៀន ការធ្វើអធិការកិច្ច រង្វាយតម្លៃ និងការកែលម្អកម្មវិធីសិក្សា។ ស្របគ្នានេះ ក្រសួងបានបង្កើត «សាលារៀនជំនាន់ថ្មី» ចំនួន ១៥កន្លែង ដើម្បីផ្ដល់ស្វ័យភាព និងបណ្ដុះបំណិនសតវត្សទី២១ ព្រមទាំងបានធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងពង្រឹងការអប់រំកម្រិតបឋមសិក្សាលើ «អំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅទូទាំងប្រទេស សំដៅធានាឱ្យកុមារកម្ពុជាចេះអាន សរសេរ និងគិតលេខបានគ្រប់ៗគ្នា។ ក្នុងសន្និបាតអប់រំឆ្នាំ២០២២ ក្រសួងបានដាក់ចេញវិធានការកំណែទម្រង់ដំណាក់កាលទី៤ «ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព» ដោយផ្ដោតលើការគ្រប់គ្រងសម្រេចបានលទ្ធផល ការពង្រឹងប្រព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់គន្លងអាជីព ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការលើកទឹកចិត្ត និងការប្រែក្លាយបទពិសោធជោគជ័យនៃគម្រោងនានាឱ្យទៅជាគោលនយោបាយ និងស្ដង់ដាប្រតិបត្តិជាប្រព័ន្ធរួមតែមួយ។

នាចុងឆ្នាំ២០២៣ ស្របតាមវិធានការគន្លឹះទាំង ៤ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងបានដាក់ឱ្យអនុវត្ត ស្ដង់ដាសាលារៀនសាធារណៈគំរូ ចំនួន ៥ស្ដង់ដា ដើម្បីលើកកម្ពស់អភិបាលកិច្ច សុខភាពសិស្ស សកម្មភាពក្រៅម៉ោង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍។ ជារួម ភាពជោគជ័យនៃការកែទម្រង់សាលារៀន គឺពឹងផ្អែកលើ «ភាពជាអ្នកដឹកនាំរួមគ្នា» និងការបង្កើតគណនេយ្យភាពនៅកម្រិតមូលដ្ឋាន តាមរយៈការកែទម្រង់សមាសភាគសំខាន់ៗទាំង ៤ រួមមាន ការគ្រប់គ្រងទូទៅ/រដ្ឋបាល រដ្ឋបាលសិក្សា ហិរញ្ញវត្ថុអប់រំ និងការគ្រប់គ្រងបុគ្គលិក ដោយមានអ្នកអនុវត្តផ្ទាល់នៅមូលដ្ឋានជាប្រតិបត្តិករយ៉ាងសកម្ម។

ពាក់ព័ន្ធនឹងការវាយតម្លៃ PISA ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងការវាយតម្លៃ PISA ឆ្នាំ២០២៥ មានប្រព័ន្ធអប់រំចំនួន ៩១ បានចូលរួម ក្នុងនោះមានប្រទេស OECD ចំនួន ៣៨ និងប្រទេសដៃគូនិងសេដ្ឋកិច្ចចំនួន ៥៣។ សូមបញ្ជាក់ថាកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍដែលមានផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ៗប្រហែល ២ ៨៧០ដុល្លារ ហើយចំណាយ ២,១៨% នៃ GDP សម្រាប់វិស័យអប់រំ ខណៈដែលប្រទេសអភិវឌ្ឍ OECD (Organization for Economic Co-operation and Development) មានផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងមនុស្សម្នាក់លើសពី ៤០ ០០០ ទៅ ៥០ ០០០ ដុល្លារ ហើយចំណាយលើការអប់រំ ៤,៩% នៃ GDP៕