រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការលើកកម្ពស់អក្ខរកម្ម និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ នៅក្នុងពិធីអបអរសាទរខួបលើកទី២៦ នៃទិវាអក្ខរកម្មជាតិ ក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន” នៅខេត្តរតនគិរី លោក Flavio Bonetti ប្រធានអង្គការ UNESCO ប្រចាំកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានដំឡើងអត្រាអក្ខរកម្មមនុស្សពេញវ័យរហូតដល់ ៨៥.៥% និងបានបន្តជំរុញកម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិច កម្មវិធីអក្ខរកម្មតាមរោងចក្រ ព្រមទាំងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨។ ព្រោះថា អក្ខរកម្មគឺជាសិទ្ធិមូលដ្ឋាន និងជាគ្រឹះនៃការសិក្សាពេញមួយជីវិត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាអក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន មិនត្រឹមតែផ្ដោតលើការចេះអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលអក្ខរកម្មឌីជីថល ការគិតវិភាគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រចាំជីវិត ដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ និងយុវជនក្រៅសាលារៀន កម្មករ កម្មការិនី និងបងប្អូនជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញក្នុងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការលើកកម្ពស់អក្ខរកម្ម និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម និងការបន្តរក្សានូវសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពជាតិ។ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅតាមតំបន់ព្រំដែន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន និងមណ្ឌលសុខភាព ដើម្បីធានាថាប្រជាពលរដ្ឋនៅគ្រប់ទិសទីទទួលបានឱកាសអប់រំ និងការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអាននូវសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់ ដើម្បីពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម និងឌីជីថល។បង្កើតកម្មវិធីអប់រំ និងការសិក្សាពេញមួយជីវិត ពិសេសសម្រាប់ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ។អាជ្ញាធរដែនដីត្រូវសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលសិក្សាសហគមន៍ និងទីតាំងរៀនសូត្រសមស្រប។

ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ត្រូវបន្តបើកថ្នាក់អក្ខរកម្ម និងបណ្ដុះបណ្ដាលមុខជំនាញដល់កម្មករនិយោជិត។ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយពីតម្លៃនៃ អក្ខរកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីកៀរគរធនធាន និងលើកកម្ពស់គុណភាពអប់រំ៕