ខេត្តព្រះសីហនុ បើកទំព័រកិច្ចសហប្រតិបត្តិការថ្មីនៅទីក្រុងក្វាងចូវ ឆ្ពោះទៅរក «ផលិតកម្មឆ្លាតវៃអាស៊ាន» និងការទាក់ទាញវិនិយោគ
ទីក្រុងក្វាងចូវ៖ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅដល់ទីក្រុងក្វាងចូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏សំខាន់មួយ។
ការបំពេញបេសកកម្មនាពេលនេះ គឺដើម្បីចូលរួមក្នុង «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន» (China-Cambodia Collaboration: Smart Manufacturing for ASEAN) និងកម្មវិធីផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគ «ភាពជាដៃគូរវាងចិន និងកម្ពុជា ដើម្បីជំរុញកម្មន្តសាលឆ្លាតវៃនៅតំបន់អាស៊ាន» ដែលផ្តោតសំខាន់លើវិស័យយានយន្ត និងគ្រឿងសង្ហារឹម។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ។
បេសកកម្មការបរទេសនេះ ធ្វើឡើងក្នុងគោលបំណងយ៉ាងច្បាស់លាស់ ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល រវាងកម្ពុជា និងចិន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ជាមួយគ្នានេះដែរ គណៈប្រតិភូខេត្តក៏នឹងប្រើប្រាស់វេទិកានេះ ដើម្បីទាក់ទាញ និងជំរុញអ្នកវិនិយោគិនចិន ឱ្យមកបណ្តាក់ទុនវិនិយោគកាន់តែច្រើនឡើងនៅក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជា។
អត្ថបទ:ម៉ារ៉ាឌី



