ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក»

ភ្នំពេញ៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដោយមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki នាយកប្រតិបត្តិនៃស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន (Japan Economic Research Institute), លោក Daleno Dalo ប្រធានផ្នែកហិរញ្ញប្បទានសាធារណៈនៃ PT Sarana Multi Infrastrukur នៃប្រទេសឥណ្ឌូនេស៊ី ស្ថាប័នដែលជាសមាជិក Special Interest Group 2 និងសមាជិក ADFIAP ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួន។

ក្នុងវេទិកាដ៏មានសារៈសំខាន់និងចំពេញ នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាសេដ្ឋកិច្ច និងអភិវឌ្ឍន៍ដ៏សំខាន់ ដែលទាមទារឱ្យស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ចូលរួមប្រែក្លាយគោលដៅអាកាសធាតុទៅជាសកម្មភាពជាក់ស្តែង។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ហិរញ្ញប្បទានសាធារណៈតែមួយមុខ មិនអាចឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានដ៏ធំនេះបានទេ ដូច្នេះ ការប្រើប្រាស់ ហិរញ្ញប្បទានចម្រុះ ការធានាឥណទាន មូលបត្របំណុលប្រកបដោយចីរភាព (Sustainable Bonds) និងជំនួយបច្ចេកទេសដើម្បីកាត់បន្ថយហានិភ័យ និងការកៀរគរទុនឯកជន គឺមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសក្នុងតំបន់ គឺជាគន្លឹះក្នុងការចែករំលែកបទពិសោធន៍ ការដោះស្រាយឧបសគ្គ និងរួមគ្នាជំរុញតំបន់អាស៊ី និងប៉ាស៊ីហ្វិកឱ្យឆ្ពោះទៅរកអនាគតដែលមានភាពធន់។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ បានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ពិភាក្សាលើឧបករណ៍ហិរញ្ញវត្ថុ និងប្រមូលធាតុចូលសម្រាប់ការស្រាវជ្រាវរបស់ក្រុម Special Interest Group 2 ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ របស់ ADFIAP។ លទ្ធផល និងធាតុចូលនៃកិច្ចពិភាក្សាតុមូលនាថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការជំរុញអនុសាសន៍គោលនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព៕