សេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យទេសចរណ៍ គឺជាកម្លាំងចលករថ្មី ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល

សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពទេសចរណ៍នៅមូលដ្ឋាន។

 ជាក់ស្តែង អ្នកលក់ដូរ អាជីវករ អ្នកផ្តល់សេវាកម្មទេសចរណ៍ អ្នកស្វ័យនិយោជន៍ និងបុគ្គលិកក្រៅប្រព័ន្ធ រាប់ពាន់នាក់ កំពុងឈរជួរមុខក្នុងការទទួលភ្ញៀវ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។

ក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» នៅខេត្តសៀមរាប

ដែលមានអ្នក ចូលរួម ប្រមាណ ៣៥០០នាក់  ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញ និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំ បណ្ណជំនាញ (Skill Voucher) ដើម្បីទទួលបានការបណ្តុះបណ្តាល និងអត្ថប្រយោជន៍នានា។ ការចុះឈ្មោះនេះ មិនមែនគ្រាន់តែជាការបំពេញទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការភ្ជាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅនឹងប្រព័ន្ធគាំពារ និងឱកាសអភិវឌ្ឍន៍របស់រដ្ឋ។ អត្ថប្រយោជន៍សំខាន់ៗ រួមមាន ការទទួលបានសេវាសុខភាព ការគាំទ្រក្នុងការពង្រីកអាជីវកម្ម ការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមរយៈ Skill Voucher និងវិធានការគាំទ្រផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះ ឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានគូសបញ្ជាក់ក្នុងស្មារតីលើកទឹកចិត្តថា៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមែនជាអ្នកនៅក្រៅការអភិវឌ្ឍនោះទេ ប៉ុន្តែជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ច និងទេសចរណ៍ជាតិ។ ការចូលរួមចុះឈ្មោះ និងអភិវឌ្ឍជំនាញ គឺជាការចាប់យកឱកាស ដើម្បីឱ្យអាជីវកម្មកាន់តែមានសមត្ថភាព មានគុណភាព និងមានភាពរឹងមាំសម្រាប់អនាគត។

សម្រាប់សៀមរាប ដែលជាបេះដូងទេសចរណ៍របស់កម្ពុជា ការពង្រឹងសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានន័យថា ពង្រឹងគុណភាពបទពិសោធន៍របស់ភ្ញៀវទេសចរ ពង្រឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។ នេះជាសារដ៏ច្បាស់ថា៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ និងចាត់ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាផ្នែកមួយនៃដំណើរអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ហើយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ក៏ត្រូវបន្តរួមគ្នាលើកកម្ពស់ជំនាញ គុណភាពសេវាកម្ម និងស្មារតីសហគ្រិន ដើម្បីក្លាយជាកម្លាំងចលករដ៏រឹងមាំ សម្រាប់ទេសចរណ៍កម្ពុជា និងអនាគតប្រទេសជាតិ៕