លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត អញ្ជើញទទួលអំណោយកាតាបសិស្សចំនួន ១៥០០ និងសម្ភារ ពីក្រុមហ៊ុន ហតដក លិឆឹង ហ៊្វូដ ខូអិលធីឌី (LICHENG Food Co.,Ltd)
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ រួមមាន កាតាបសិស្សចំនួន ១៥០០ និងសម្ភារសិក្សាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាពីក្រុមហ៊ុន ហតដក លិឆឹង ហ៊្វូដ ខូអិលធីឌី (LICHENG Food Co.,Ltd)។
ពិធីប្រគល់ និងទទួលអំណោយនេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងការជួយគាំពារ និងគាំទ្រដល់វិស័យអប់រំ ក៏ដូចជាជួយសម្រាលការលំបាកដល់សិស្សានុសិស្សខ្វះខាតក្នុងខេត្ត។
ជាកិច្ចតបស្នងក្នុងឱកាសនោះ សាខាសមាគមនារីកម្ពុជាខេត្តព្រះសីហនុ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានក្រុមហ៊ុន និងថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ និងឧបត្ថម្ភសម្ភារដ៏មានតម្លៃទាំងនេះ។
សមាគមសូមជូនពរ លោកប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងមានភាពរីកចម្រើនកាន់តែខ្លាំងឡើងក្នុងដំណើរការអាជីវកម្មនាពេលអនាគត៕



