នាយឧត្តមសេនីយ៍ មាស វិរិទ្ធ: សំណូមពរឱ្យតំណាងសាសនាទាំងអស់ក្នុងខេត្តព្រះសីហនុជួយពង្រីកការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug ដល់បរិស័ទរបស់ខ្លួន។
ខេត្តព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំណូមពរបែបនេះក្នុងឱកាសចូលរួមជាគណៈអធិបតីសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី “ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា” នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ពីតំណាងក្រសួង ស្ថាប័ន អង្គភាព និងតំណាងសាសនាទាំង៥ នៅខេត្តព្រះសីហនុ សរុបចំនួន ៥០០ អង្គ/នាក់ ។
សិក្ខាសាលានេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ។
ទាំងលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទ គឺសុទ្ធតែបានមានប្រសាសន៍ថាការរៀបចំនេះក្នុងគោលបំណងឲ្យសាសនាទាំងអស់ចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបន្តរក្សាបាននូវសុខដុមរមនីយសាសនា សេរីភាពជំនឿសាសនា បរិស័ទអាចចូលរួមការងារសង្គមបានតាមលទ្ធភាព។
ថ្លែងក្នុងនាមឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងនូវអំណរគុណ កោតសរសើរ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបាន ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរដល់តំណាងសាសនាដែលជាសិក្ខាកាមទាំងអស់យកចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug ដែលទទួលបានពីសិក្ខាសាលានេះ ផ្សព្វផ្សាយបន្តពង្រីកការយល់ដឹងដល់បរិស័ទរបស់ខ្លួន ពិសេសយុវជនគ្រប់ក្រុមគ្រួសារ និងប្រើប្រាស់App NoDrug ដើម្បីចំណេះដឹង និងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។
ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា បានថ្លែងថា ភាពសុខដុមរមនាសាសនា គឺពិតជាធ្វើឲ្យសង្គមមានសន្តិភាព សន្តិសុខ និងមានការអភិវឌ្ឍ ហើយការចូលរួមពីគ្រប់សាសនាទាំងអស់ជួយទៅលើការងារសង្គម គឺពិតជាអាចឱ្យសង្គមចៀសផុតបានពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាដើម។



