ក្រុមការងារ អ.ម.ត ចុះចែកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនគ្រួសារខ្វះខាត ២គ្រួសារ នៅស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ៖ ក្រុមការងារ និង និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោក វ៉ាន់ សុខជា សមាជិកក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ដោយបានចុះទៅដល់ផ្ទាល់ជូនគ្រួសារទទួលអំណោយ ដែលរស់នៅក្នុងភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួមមាន៖
លោកយាយ ចាប ស្រ៊ុន អាយុ ៧៨ឆ្នាំ ជាស្ត្រីវ័យចាស់ជរា។
គ្រួសារលោក បាវ មាស អាយុ ៤៤ឆ្នាំ និងភរិយាឈ្មោះ នាង ឈួន អាយុ ៤១ឆ្នាំ ដែលមានបន្ទុកកូនក្នុងបន្ទុកចំនួន ៧នាក់។
នៅក្នុងឱកាសនោះ តំណាងគ្រួសារទាំងពីរបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាអនេកចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ក្តីសប្បុរសធម៌ដល់ប្រជាពលរដ្ឋជួបការលំបាក។ ពួកគាត់ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យជូន សម្តេចធិបតី លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ឲ្យជួបតែសេចក្តីសុខ និងសិរីមង្គលតរៀងទៅ។
ប្រភព: អ.ម.ត ខេត្តព្រះសីហនុ



